ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា៣រូប ណាត់ជួបសាក់ស្នៀតគុន ជាមួយអ្នក ប្រដាល់ជើងខ្លាំងឆ្លងដែន ពីមកប្រទេសថៃ៣រូប នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩នេះ នៅលើសង្វៀន Boostrong Fighter On Fire របស់SEATV។
អ្នកប្រដាល់ជើងខ្លាំង សេក គឹមរួន ក្លិបមកុដរាជសីហ៍ប៉ះជាមួយអ្នកប្រដាល់ថៃ Yorth Phit ក្នុងទម្ងន់៦៣,៥០០គ.ក្រ។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរ ប៉ុន្មានលើកជួប ឃីម បូរ៉ា សារឿនច័ន្ទ និងសូត្រ ប៊ុនធី ជាដើម ដោយប្រកួត៨៦លើក ឈ្នះ៦៩លើក ចាញ់១៦លើក និង ស្មើ០១លើក ហើយថែមទាំងធ្លាប់ផ្ដួល ដៃគូប្រកួតឲ្យ សន្លប់ជាច្រើនដងថែមទៀត។
សេក គឹមរួន ដែលមានកម្រិតសមត្ថភាព បច្ចេកទេសល្អដែរនោះ ប្រហែលជាមិនពិបាក ក្នុងការជួប Yorth Phit នេះទេ ព្រោះអ្នកប្រដាល់កម្ពុជារូបនេះ ជាជើងចាស់ និងធ្លាប់ មានឈ្មោះបោះសំឡេងយូរហើយ ទាំងនៅក្នុងប្រទេស និងនៅជាយដែន។ គឹម រួន ប្រកួត៨៩លើក វាយឈ្នះ៧០លើក ចាញ់១៧លើក និងស្មើ០២លើក។
ចំណែកអ្នកប្រដាល់ ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ថៃ Phat Ngarm ក្នុងទម្ងន់៦០គីឡូក្រាម។ Phat Ngarm មិនត្រឹមតែមានប្រកួតច្រើនជាងឡុង ជិន ឡើយ ដោយប្រកួត៩០លើក ឈ្នះ៧២លើក ចាញ់១៦លើក និង ស្មើ០២លើក។
ឡុងជិន ប្រកួត ៨៤លើក ឈ្នះ៦៤លើក ចាញ់១៨លើក និងស្មើ០២លើក។ អ្នកប្រដាល់ លីន វិរៈ ក្លិបបូរីរាជសីហ៍មានរិទ្ធប៉ះអ្នកប្រដាល់ថៃ Phayak Khamin ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ Phayak Khamin ប្រកួត៤៥លើក ឈ្នះ៣៥លើក ចាញ់១០លើក និង មិនដែលស្មើ រីឯលីន វិរៈ ជាជើងខ្លាំងស្រករក្រោយ របស់កម្ពុជា ដែលមានបទពិសោធន៍ ក្នុងការប្រកួតជាមួយថៃតិចតួចទេ តែគរវាយគ្មានញញើតខ្លាចអ្វីបន្តិចទេ។
រូបគេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។ ក្នុងកំណត់ត្រាប្រកួតចំនួន៤០លើក វាយឈ្នះ២៨លើក ចាញ់១០លើក និងស្មើ០២លើកប៉ុណ្ណោះ៕