កីឡា

សេណេហ្កាល់ ត្រូវរង់ចាំរហូតដល់ចុងខែវិច្ឆិកា សម្រាប់សេចក្តីសម្រេចរបស់តុលាការ CAS ជុំវិញជម្លោះដកហូតពានរង្វាន់ AFCON ឱ្យទៅម៉ារ៉ុក

បរទេស៖ សហព័ន្ធកីឡាបាល់ទាត់សេណេហ្កាល់ (FSF) ត្រូវរង់ចាំប្រហែលមួយខែទៀត ទើបអាចដឹងលទ្ធផលថា តើការប្តឹងតវ៉ារបស់ខ្លួនទាមទារយកតំណែងជើងឯកពានរង្វាន់បាល់ទាត់ទ្វីបអាហ្វ្រិក (AFCON) ត្រឡប់មកវិញ ទទួលបានជោគជ័យឬយ៉ាងណា។ តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានបញ្ជាក់កាលពីថ្ងៃចន្ទថា សេចក្តីសម្រេចចុងក្រោយជុំវិញជម្លោះដ៏ចម្រូងចម្រាសជាមួយប្រទេសម៉ារ៉ុកនេះ ត្រូវបានពន្យារពេលរហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ ​ការជជែកវែកញែកផ្នែកច្បាប់រវាងតំណាងប្រទេសទាំងពីរ និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) ត្រូវបានធ្វើឡើងនៅទីក្រុង Lausanne ប្រទេសស្វីស កាលពីថ្ងៃទី៨ ខែតុលា។ ថ្វីដ្បិតតែដំបូងឡើយ CAS រំពឹងថានឹងចេញសេចក្តីសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយសវនាការក្តី ប៉ុន្តែក្រុមប្រឹក្សាបានសម្រេចចិត្តទាមទារពេលវេលាបន្ថែម ដើម្បីចេញសេចក្តីសម្រេចលម្អិតពេញលេញមួយ ដែលហៅថា…

បរទេស៖ សហព័ន្ធកីឡាបាល់ទាត់សេណេហ្កាល់ (FSF) ត្រូវរង់ចាំប្រហែលមួយខែទៀត ទើបអាចដឹងលទ្ធផលថា តើការប្តឹងតវ៉ារបស់ខ្លួនទាមទារយកតំណែងជើងឯកពានរង្វាន់បាល់ទាត់ទ្វីបអាហ្វ្រិក (AFCON) ត្រឡប់មកវិញ ទទួលបានជោគជ័យឬយ៉ាងណា។ តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានបញ្ជាក់កាលពីថ្ងៃចន្ទថា សេចក្តីសម្រេចចុងក្រោយជុំវិញជម្លោះដ៏ចម្រូងចម្រាសជាមួយប្រទេសម៉ារ៉ុកនេះ ត្រូវបានពន្យារពេលរហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

​ការជជែកវែកញែកផ្នែកច្បាប់រវាងតំណាងប្រទេសទាំងពីរ និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) ត្រូវបានធ្វើឡើងនៅទីក្រុង Lausanne ប្រទេសស្វីស កាលពីថ្ងៃទី៨ ខែតុលា។ ថ្វីដ្បិតតែដំបូងឡើយ CAS រំពឹងថានឹងចេញសេចក្តីសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយសវនាការក្តី ប៉ុន្តែក្រុមប្រឹក្សាបានសម្រេចចិត្តទាមទារពេលវេលាបន្ថែម ដើម្បីចេញសេចក្តីសម្រេចលម្អិតពេញលេញមួយ ដែលហៅថា "CAS Award"។

ភាពចម្រូងចម្រាសនេះកើតចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី១៨ ខែមករា នៅទីក្រុង Rabat (ប្រទេសម៉ារ៉ុក)។ ក្នុងចុងម៉ោងនៃវគ្គប្រកួតធម្មតា មានការរអាក់រអួលអស់រយៈពេល ១៤នាទី នៅពេលដែលកីឡាករសេណេហ្កាល់មួយចំនួនបានដើរចេញពីទីលានទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីតវ៉ានឹងការផ្តល់បាល់ប៉េណាល់ទីដល់ម៉ារ៉ុក។ ពេលត្រឡប់មកប្រកួតវិញ ម៉ារ៉ុកស៊ុតប៉េណាល់ទីមិនចូល ហើយសេណេហ្កាល់ក៏បានស៊ុតបញ្ចូលទី១គ្រាប់ក្នុងម៉ោងបន្ថែម យកឈ្នះក្នុងលទ្ធផល ១-០។

កាលពីខែមីនា គណៈកម្មាធិការប្តឹងតវ៉ារបស់ CAF បានដកហូតពានរង្វាន់ពីសេណេហ្កាល់ ដោយកាត់ក្តីថា "ការដើរចេញពីទីលាន" នោះចាត់ទុកជាការបោះបង់ការប្រកួត (Forfeit) ហើយបានប្រគល់ជ័យជម្នះ ៣-០ ទៅឱ្យក្រុមម្ចាស់ផ្ទះម៉ារ៉ុកវិញដោយស្វ័យប្រវត្តិ។ សេណេហ្កាល់បានប្តឹងឧទ្ធរណ៍កាលពីថ្ងៃទី២៥ ខែមីនា ដោយអះអាងយ៉ាងមុតមាំថា សេចក្តីសម្រេចរបស់អាជ្ញាកណ្តាលនៅលើទីលានទើបជាសេចក្តីសម្រេចចុងក្រោយ ហើយអាជ្ញាកណ្តាលក៏បានអនុញ្ញាតឱ្យការប្រកួតដំណើរការរហូតដល់ចប់ជាស្ថាពរផងដែរ។

​សំណុំរឿងនេះត្រូវបានកាត់ក្តីដោយក្រុមប្រឹក្សាដែលមានសមាជិក៣រូប ដឹកនាំដោយអ្នកជំនាញច្បាប់កីឡាជនជាតិបារាំង លោក Gerald Simon រួមជាមួយសាស្ត្រាចារ្យច្បាប់អន្តរជាតិជនជាតិអ៊ីតាលី លោក Luigi Fumagalli និងមេធាវីអាល្លឺម៉ង់ លោក Ulrich Haas។

​សេចក្តីសម្រេចចុងក្រោយ (CAS Award) របស់ពួកគេ នឹងមានទម្ងន់ផ្លូវច្បាប់ស្មើនឹងសាលក្រមតុលាការជាតិ ស្របតាមអនុសញ្ញាញូវយ៉ក (New York Convention) ដែលតម្រូវឱ្យសហព័ន្ធកីឡា ឬតុលាការរដ្ឋពាក់ព័ន្ធ ត្រូវតែអនុវត្តតាមដោយខានមិនបាន។

ប្រែសម្រួល៖ គីរី

Most Popular

To Top