Event

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភម៉ាស៊ីនទំនើប និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់ក្រសួងសុខាភិបាល

ភ្នំពេញ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការឧបត្ថម្ភបរិក្ខារបន្ថែមទៀតជាលើកទី២ ដល់ក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងរោគរាតត្បាតកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ បរិក្ខារទាំងនោះ រួមមាន ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន ១ គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន ៦.៤០០ ឈុត។ ការឧបត្ថម្ភលើកនេះ គឺជាលើកទី២ បន្ថែមទៅលើការឧបត្ថម្ភលើកទី១ ដែលមានកុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ ដបដែលសរុបទាំងពីរលើកនេះ មានទឹកប្រាក់សរុបប្រមាណ ៤៧.៤០០ ដុល្លារអាមេរិក។ 

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បាននិយាយថា “ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ នេះ គឺជាម៉ាស៊ីនបច្ចេកវិទ្យាទំនើបមួយដែលអាចឲ្យក្រសួងសុខាភិបាលប្រើប្រាស់ដើម្បីចម្រាញ់ និងពង្រីកសំណាក DNA តូចៗដើម្បីងាយធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានលឿន។ ជាមួយនឹងគ្រឿងបរិក្ខារធ្វើតេស្តទាំងនេះ វានឹងជួយឲ្យគ្រូពេទ្យជួរមុខរបស់យើងអាចធ្វើតេស្តរកមេរោគបានយ៉ាងឆាប់រហ័ស។ យើងសូមវាយតម្លៃខ្ពស់ចំពោះប្តេជ្ញាចិត្តរបស់ពួកគេដែលបាន និងកំពុងខិតខំរក្សាប្រជាជន និងប្រទេសកម្ពុជាឲ្យមានសុវត្ថិភាព”។ 

ក្នុងខណៈពេលមកទទួលបរិក្ខារដោយផ្ទាល់ពីលោក Pern Chen លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា “ក្នុងកំឡុងពេលនៃការឧបត្ថម្ភលើកទី១ ដែលមានឧបករណ៍បង្ការមេរោគកូវីដ-១៩ និងកុំព្យូទ័រយួរដៃរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដោយបានឮថា ណាហ្គាវើលដ៍សន្យាផ្តល់ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ថ្មី ១ គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគរាប់ពាន់ឈុតមកដល់ក្រសួង។ ការធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតែជាការងារដ៏មានសារសំខាន់បំផុតរបស់យើងក្នុងការទប់ស្កាត់រោគរាតត្បាត ហើយម៉ាស៊ីនទំនើបថ្មី និងឧបករណ៍ធ្វើតេស្តទាំងនេះ នឹងជួយដល់ការងារប្រចាំថ្ងៃរបស់យើងបន្ថែមទៀត។ តាងនាមឲ្យប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសនេះ”៕

Most Popular

To Top