ភ្នំពេញ៖សហព័ន្ធកីឡាខែ្មរ អត្តពលកម្មស្ម័គ្រចិត្ត ត្រៀមបញ្ជូនមន្រ្តីបច្ចេកទេស កីឡាអត្តពលកម្ម៣រូប ចូលរួមវគ្គបណ្តុះបណ្តាអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិ តាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ដល់២២ ខែកក្កដា ឆ្នាំ២០២០ នៅរដូវកាលមេរោគ COVID-19។
លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធកីឡាខែ្មរ អត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា សហព័ន្ធបានអនុញ្ញាត ឲ្យមន្រ្តីបច្ចេកទេសកីឡា អត្តពលកម្ម៣រូបវគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិ “World Athletics Technical Officiating Webinar ” ដើម្បីពង្រឹងសមត្ថភាពអាជ្ញាកណ្តល និងចៅក្រមរបស់សហព័ន្ធ ឲ្យក្លាយអាជ្ញាកណ្តល និងចៅក្រមអន្តរជាតិ តាមការាចង្អុល បង្ហាញលោកប្រធានសហព័ន្ធ។
លោកបានបន្តថា មន្រ្តីបច្ចេកទេសកីឡា អត្តពលកម្ម៣រូបវគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិរួមមាន លោក បូ ពុធរាត្រី កញ្ញា សុទ្ធ ស្រីលក្ខណ៍ និងកញ្ញា គ្រី រស្មី ដោយសារទំាង៣រូបនេះ មានលទ្ធផលល្អ ក្នុងការចូលរួមវគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិ នៅកម្ពុជាដែលរៀបចំឡើង ដោយសហព័ន្ធសហការ ជាមួយក្រសួងអប់រំ៕ ដោយ៖លី ភីលីព