បរទេស៖ ទីក្រុងបុមបៃ បានក្លាយជាទីក្រុងទី ២ របស់ប្រទេសឥណ្ឌាបន្ទាប់ពីទីក្រុងញូវដែលី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ ចំនួន ១០០,០០០នាក់ ហើយមានករណីឆ្លងថ្មីចំនួន ១.១៩៩ ករណីកាលពីថ្ងៃសៅរ៍។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងសរុបចំនួន ១០០.១៧៨ នាក់ មកដល់ពេលនេះមានអ្នកជំងឺចំនួន ៧០.៤៩២ នាក់បានជាសះស្បើយ ខណៈ ២៤.០៣៩ នាក់ជាករណីសកម្ម ហើយមនុស្ស ៥.៦៤៧ នាក់បានស្លាប់។
ទីក្រុងដែលមានប្រជាជន ១៨,៤ លាននាក់មួយនេះ បានធ្វើតេស្តិ៍មនុស្សចំនួន ៤២៧.៣៧៨ នាក់ហើយអត្រានៃការជាសះស្បើយមាន ៧០ ភាគរយជាមួយនឹងអត្រាអ្នកជំងឺកើនឡើងទ្វេដងក្នុងរយៈពេល ៥៤ ថ្ងៃ។
សូមបញ្ជាក់ថា ទីក្រុងបុមបៃ នៅតែស្ថិតនៅក្រោមការបិទដោយផ្នែកខ្លះជាមួយអ្នកផ្តល់សេវាកម្មសំខាន់ៗ ហើយមានតែបុគ្គលិករដ្ឋប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរ។
ប្រទេសឥណ្ឌា ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីលដែលមានករណីឆ្លងវីរុសឆ្លងវីរុសកូរ៉ូណាច្រើនជាង ១ លានករណី ។ រហូតមកដល់ពេលនេះមានអ្នកស្លាប់សរុបចំនួន ២៦.២៧៣ នាក់ត្រូវបានរាយការណ៍៕ប្រែសម្រួលៈ ណៃតុលា