ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប ទំនាក់ទំនងកូរ៉េខាងត្បូង

បរទេស៖ក្រុមហ៊ុន SpaceX កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ បានបាញ់បង្ហោះផ្កាយរណប ទំនាក់ទំនងដំបូង របស់ប្រទេសកូរ៉េខាងត្បូង ពីរដ្ឋផ្លរីដា សម្រាប់ជាប្រយោជន៍ ដល់ការប្រើប្រាស់យោធា នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

រ៉ុកកែត Falcon 9 ត្រូវបានបាញ់បង្ហោះ តាមការគ្រោងទុក នៅម៉ោង៥និង៣០នាទីល្ងាច ចេញពីមូលដ្ឋានទ័ពអាកាស ចូលទៅក្នុងលំហមេឃ ហើយហោះឆ្ពោះទៅខាងលើមហាសមុទ្រអាត្លង់ទិក។ បេសកកម្មបាញ់បង្ហោះនេះ ត្រូវបានពន្យាពេលចំនួនពីរដង កាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ធ្លាប់បានបាញ់បង្ហោះផ្កាយ រណបស្រដៀងគ្នានេះ នៅក្នុងឆ្នាំ២០១៣ ប៉ុន្តែវាដំណើរការមិនបានស្រួល និងបានបាត់ការទាក់ទង នេះបើយោងតាមសម្តី របស់លោក Kaitlyn Johnson ជាអនុប្រធាននៃមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ នៅក្នុងទីក្រុងវ៉ាស៊ីនតោន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top