ព័ត៌មានអន្តរជាតិ

ញូវយ៉ក ឈានចូលដំណាក់កាលទី៤ នៃការបើកទ្វាឡើងវិញ តែក្រុមមន្ត្រីព្រួយបារម្ភ រលកវាយប្រហារទី២

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ទីក្រុងញូវយ៉ក បានឈានចូលមកដល់ ដំណាក់កាលទី៤ហើយ នៃការបើកទ្វារសាជាថ្មី ប៉ុន្តែទាំងមន្ត្រីនិងពលរដ្ឋបាន បង្ហាញក្តីបារម្ភថា វានឹងអាចកើតឡើង នូវរលកវាយប្រហារ ជាលើកទី២ផងដែរ។

នៅដំណាក់កាលចុងក្រោយ នៃផែនការបើកទ្វាវិញ របស់រដ្ឋញូវយ៉ក មានន័យថា សកម្មភាពសិល្បៈ និងការកម្សាន្តនៅខាងក្រៅ ដែលមានហានិភ័យទាប ដូចជាផលិតកម្មទូរទស្សន៍ និងខ្សែភាពយន្ត អាចចាប់ផ្តើមឡើងវិញ។ យោងតាមរដ្ឋាភិបាលនិងទីក្រុង បានឱ្យដឹងថា សួនច្បារនិងសួនសត្វ នឹងអាចបើកឡើងវិញ ផងដែរប្រមាណជា៣៣ ភាគរយ។

គិតត្រឹមមកល្ងាចថ្ងៃចន្ទ ទីក្រុងញូវយ៉កត្រូវបានគេដឹងថា មានករណីឆ្លងជំងឺកូវីដ១៩ ទៅដល់២១៨៤៧៨នាក់ ចំណែកឯអ្នកដែលបានបាត់បង់ជីវិត គឺមានទៅដល់២៣៤១១នាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top