ភ្នំពេញ៖លោកអ៊ុក សិទ្ធិជាតិ បានអំពាវនាវឲ្យសហព័ន្ធកីឡាគុនខ្មែរសុំឲ្សសហព័ន្ធពង្រឹងសមាគម-ក្លិបដែលមានសព្វថ្ងៃ ព្រោះថាសមាគមក្លឹបរួមគ្នាបង្កើតបានជាសហព័ន្ធ ហើយសហព័ន្ធត្រូវការពារផលប្រយោជន៍របស់ក្លឹប បើគ្មានក្លឹបនិងក្លឹមមិនរីកចម្រើន គឺសហព័ន្ធមិនដើរទៅមុខឡើយ។
លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងបែបនេះនៅក្នុងឪកាសអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសនិងគ្រូបង្វឹកកម្រិតបឋម ដល់គ្រូប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។លោក បានមានប្រសាសន៍ថា ក្លឹបទាំងអស់ត្រូវតែចុះបញ្ជី និងត្រូវគោរពតាមល័ក្ខខ័ណ្ឌដែលបានកំណត់របស់សហព័ន្ធ ទើបបានក្លាយជាក្លឹមស្របច្បាប់ មានសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោតទាំងនៅក្នុងប្រទេសក៏ដូចជានៅអន្តរជាតិដែរ ។
លោកអ៊ុក សិទ្ធិជាតិបន្ថែមទៀតថា កីឡាប្រដាល់គឺជាប្រភេទកីឡាមួយដែលមានសក្ដានុពលហើយដែលត្រូវដាក់បញ្ចូលនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ដូច្នេះការបណ្ដុះបណ្ដាលលើកគ្រូបង្វឹកនេះយើងមិនមែនសំដៅតែបរិមាណទេគឺផ្ដោតទៅលើគុណភាព ពោលគ្រូបង្វឹកម្នាក់ គឺមិនមែនមានតែសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ គឺទាមទារត្រូវឱ្យចេះភាសាបរទេសថែមទៀត ។
គ្រូបង្វឹកដែលបង្ហាត់សិស្សមិនមែនពាក់ព័ន្ធតែនៅលើបច្ចេកទេសទេ គឺមានទាក់ទងទៅលើបញ្ហាគុណភាពសុខភាព ព្រោះថាមានកម្លាំងទើបទៅហាត់យកបច្ចេកទេសហើយបន្ទាប់ពីមានបច្ចេកទេស និងទៅធ្វើការប្រកួត ដើម្បីលេចចេញជាចំណាត់ថ្នាក់និងវាយតម្លៃបាន។លោកបន្តថា ពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលនេះ គឺក្រសួងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសហព័ន្ធកីឡាជាតិដោយក្រសួងបានចំណាយថវិកាប្រមាណ៣.១០០លានរៀលក្នុង១ឆ្នាំជូនដល់សហព័ន្ធកីឡាជាតិចំនួន៤២ សម្រាប់ធ្វើការអភិវឌ្ឍសហព័ន្ធនីមួយៗ ។ក្នុងនោះ ការចំណាយលើផ្នែករដ្ឋបាលចំនួន២០% លើការបណ្តុះបណ្តាលធនធានមនុស្សចំនួន៣៥% និងការរៀបចំការប្រកួត៤៥%។ហើយការផ្ដល់ថវិកាជូនប្រព័ន្ធនេះ គឺផ្ទេរតាមរយៈប្រព័ន្ធធនាគារ មិនផ្តល់ជាសាច់ប្រាក់សុទ្ធនោះទេ ដោយសារខ្លាចធ្លុះធ្លាយជ្រុះបាត់តាមផ្លូវ
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថា លទ្ធផលនៃការសិក្សាវគ្គនេះ តាមការពិនិត្យវាយតម្លៃឃើញថាគ្រូបង្វឹកទាំង២៦នាក់ដែលចូលរួមរៀនវគ្គនេះ បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ហើយលទ្ធផលដែលទទួលយកបាននោះ ផ្អែកទៅតាមសមត្ថភាព ដែលធ្លាប់ឆ្លងកាត់ជាគ្រូបង្វឹកផង និងតាមកម្រិតវប្បធម៌ផងដែរ ពោលគឺអាចទទួលយកបាន ក្នុងនោះសិក្ខាកាមទទួលបានលទ្ធផល ល្អមានចំនួន ១០ នាក់ ល្អបង្គរមានចំនួន ១១ នាក់ និង មធ្យម មានចំនួន ០៥ នាក់ ។
លោកប្រធានសហព័ន្ធបានលើកឡើងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានជំនឿជឿជាក់ថា ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចមានគ្រូបង្វឹក កីឡាករ កីឡាការិនី ល្អឆ្នើមជាច្រើនចូលរួម ប្រកួតកីឡាទាំងជាតិអន្តរជាតិ ជាមួយនិងបណ្តាប្រទេសក្នុងអាស៊ាន និងទទួលបានលទ្ធផលល្អទៀតផង ៕ដោយ៖លី ភីលីព