កីឡា

លោក តែម ម៉ឺន៖គ្រូបង្វឹក និងអត្តពលិក ប្រដាល់គុនខ្មែរឆ្នើមជាច្រើនចូលរួម ប្រកួតកីឡា SEA GAMES លើកទី៣១ និងលើកទី៣២

ភ្នំពេញ៖លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានជំនឿជឿជាក់ថា ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចមានគ្រូបង្វឹក កីឡាករ កីឡាការិនី ល្អឆ្នើមជាច្រើនចូលរួមប្រកួតកីឡាទាំងជាតិអន្តរជាតិ ជាមួយនិងបណ្តាប្រទេសក្នុងអាស៊ាន និងទទួលបានលទ្ធផលល្អទៀតផង។

លោកប្រធានសហព័ន្ធបានលើកឡើងក្នុងឪកាសអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសនិងគ្រូបង្វឹកកម្រិតបឋម ដល់គ្រូប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០  បន្ទាប់ពីសិក្ខាកាម២៦នាក់ទទួលបានលទ្ធផល ល្អមានចំនួន១០ នាក់ ល្អបង្គរមានចំនួន ១១ នាក់ និង មធ្យម មានចំនួន ០៥ នាក់ ។

លោកបានបន្តថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានយកចិត្តទុកដាក់ជាសំខាន់ដល់ការពង្រឹងឡើងវិញ អំពីបច្ចេកទេសក្នុងការហ្វឹកហាត់ និងបង្ហាត់របស់គ្រូបង្វឹកយើងនៅតាមបណ្តាសមាគម ក្លិបកីឡាប្រដាល់ទូទាំងប្រទេស តាមរយៈនៃការបើកវគ្គបណ្តុះបណ្តាលវគ្គបំប៉ន និងវគ្គផ្សេងៗទៀតជាប្រចាំក្នុងឆ្នាំនីមួយៗ ជាក់ស្តែងវគ្គនេះ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសំដៅបង្កើនប្រសិទ្ធភាពការងារក្នុងពេលបច្ចុប្បន្ន និងដើម្បីបង្កើនសមត្ថភាពដល់គ្រូបង្វឹករបស់យើងឲ្យក្លាយជាគ្រូបង្វឹកមានសមត្ថភាពគ្រប់គ្រាន់តាមស្តង់ដា ។

ហើយយកចំណេះដឹងទាំងនេះទៅបង្ហាត់ដល់កីឡាករ -កីឡាការិនីរបស់យើងឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់ នោះទើបយើងមានកីឡាករដែលមានសក្តានុពលកម្រិតខ្ពស់ ត្រៀមក្នុងព្រឹត្តិការណ៍កីឡាSEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម  និងលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ។ 

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមថ្លែងអំណរគុណ ចំពោះអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងក្នុងការបើកវគ្គសិក្សានេះ  សូមថ្លែងអំណរ គុណចំពោះគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា ដែលបានគាំទ្រដល់វគ្គសិក្សានេះ និងសូមថ្លែងអំណរ គុណដល់នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត ដែលបានផ្តល់បន្ទប់សិក្សា និងមន្ត្រីរបស់នាយកដ្ឋានដែលបានបង្កលក្ខណៈងាយស្រួល ក្នុងកិច្ចសហប្រតិបត្តិការណ៍យ៉ាង ល្អប្រសើរ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ៕ដោយ៖លី ភីលីព

Most Popular

To Top