បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយប្រាប់ថា លោកកំពុងតែពង្រីកវិសាលភាពនៃទណ្ឌកម្មលោហៈលើអ៊ីរ៉ង់ ដោយផ្តោតគោលដៅលើ សម្ភារៈជាក់លាក់ចំនួន២២ ដែលលោកនិយាយថា ត្រូវបានគេយកទៅប្រើប្រាស់ ជាប់ពាក់ព័ន្ធជាមួយកម្មវិធី អាវុធនុយក្លេអ៊ែ យោធា ឬក៏មីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសបានហៅវាថា ជាការពង្រីកដ៏ធំនៃទណ្ឌកម្មពាក់ព័ន្ធលោហធាតុអ៊ីរ៉ង់ ធ្វើឡើងដោយក្រសួងការបរទេសអាមេរិក អនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោន ដាក់ក្រុមហ៊ុន ដែលបញ្ជូនវត្ថុធាតុដើមឲ្យទៅប្រទេសអ៊ីរ៉ង់ ក្នុងបញ្ជីខ្មៅ។
លោក Mike Pompeo បាននិយាយយ៉ាងដូច្នេះថា “កម្មវិធីនុយក្លេអ៊ែ មីស៊ីលផ្លោងនិងយោធារបស់ប្រទេសអ៊ីរ៉ង់ បង្កឲ្យមានការគម្រាមកំហែងធ្ងន់ធ្ងរ ចំពោះស្ថិរភាពនិងសន្តិសុខអន្តរជាតិ”។ លោកបន្តទៀតថា លោកប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការប្តេជ្ញារបស់លោកថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ គឺកងកម្លាំងការពារបដិវត្តន៍ឥស្លាម ធ្វើការគ្រប់គ្រងលើវិស័យសំណង់របស់ប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង