រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រេស៊ីល បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ចំនួន១.០៨៨នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៥.៣៩២នាក់ ត្រូវចុះក្នុងបញ្ជីនៅក្នុងប្រទេសក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារវីរុសបានកើនឡើងដល់៩៣.៥៦៣នាក់ ទន្ទឹមនឹងនេះដែរមានអ្នកឆ្លងជំងឺ សរុបដល់២.៧០៧.៨៧៧នាក់ ។
ប្រេស៊ីល គឺជាប្រទេសជាប់លំដាប់ទី២បន្ទាប់ពី សហរដ្ឋអាមេរិក ទាំងអ្នកស្លាប់ និងអ្នកឆ្លងជំងឺកូវីដ១៩ ។
រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅ ច្រើនបំផុតនៅក្នុងប្រទេស ក៏បានថយនូវផលប៉ះពាល់យ៉ាងខ្លាំង ដែលមានអ្នកឆ្លងជំងឺ៥៥២.៣១៨នាក់ និងមានអ្នកស្លាប់២៣.២៣៦នាក់ បន្ទាប់មកមានរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន១៦៧.២១៣នាក់ និងមានអ្នកស្លាប់ចំនួន១៣.៥៥៦នាក់ និងរដ្ឋ Ceara មានអ្នកឆ្លងជំងឺចំនួន១៧៥.៩២៨នាក់ និងមានអ្នកស្លាប់ចំនួន៧.៦៩៨នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា