ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រគល់សម្ភារហ្វឹកហាត់ ជូនកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ យុវជន និងថ្នាល សរុបចំនួន៥១រូប នៅទីលានហ្វឹកហាត់កីឡាប៊ូល និងប៉េតង់កម្ពុជា នៅទីលានហ្វឹកហ្វឺន ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្នុងឳកាសនេះ លោកបានប្រគល់ សម្ភារហ្វឹកហាត់ក្រុមកីឡាករ-កីឡាការិនីប៉េតង់ របស់លោករួមមាន គ្រាប់ប៊ូល កង់ និងប៉ី សម្រាប់ធ្វើការហ្វឹកហាត់ ។
ចំពោះកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ ផ្នែកបុរសទទួលបានប៊ូលចំនួន៣កេះ ក្នុងមួយកេះមាន១២គ្រាប់ កង់ចំនួន១០ និងប៉ី ចំនួន១០គ្រាប់ កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិ ឈុតធំផ្នែកនារី ទទួលបានប៊ូលចំនួន៣កេះ ក្នុងមួយកេះមាន១២គ្រាប់ កង់ចំនួន១០ និងប៉ីចំនួន១០គ្រាប់ ។
ចំណែកកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិ យុវជនទទួលបានប៊ូល ចំនួន៣កេះក្នុង មួយកេះមាន១២គ្រាប់ កង់ចំនួន១០ និងប៉ីចំនួន១០គ្រាប់ ចំពោះកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិថ្នាលវិញ ទទួលបានប៊ូលចំនួន៤កេះ ក្នុងមួយកេះមាន១២គ្រាប់ កង់ចំនួន១០ និងប៉ីចំនួន១០គ្រាប់៕ដោយ៖លី ភីលីព