ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយក និងជាគណៈកម្មការ គ្រប់គ្រងពហុកីឡដ្ឋានជាតិ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកចិ្ចប្រជុំ ស្ដីពីការអនុវត្តការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យក្នុងពហុកីឡដ្ឋានជាតិ ជាមួយសហព័ន្ធកីឡាជាតិទំាង១៩ និងក្រុមហ៊ុនសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំង មេរោគCOVID-19 ។
ក្នុងឧកាសកិច្ចប្រជុំនេះ លោក អ៊ុក សិទ្ធិជាតិ បានអំពាវនាវដល់កីឡាករ-កីឡាការីនី ក្រុមជម្រើសជាតិ ទំាងឈុតធំ និងថ្នាល បងប្អូនហាត់ប្រាស់ ដើម្បីសុខភាព និងអ្នកធ្វើដំណើរឆ្លងកាត់ តាមពហុកីឡដ្ឋានជាតិ មិនត្រូវធ្វើដំណើរបញ្ចាស់ទិស តាមការកំណត់ របស់គណៈកម្មការគ្រប់គ្រង ពហុកីឡដ្ឋានជាតិ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អ្នកដើរ ។
លោកបានបន្តថា សហព័ន្ធកីឡាជាតិ ស្ថិតក្នុងការប្រមូលផ្តុំ ចំនួន៣៥សហព័ន្ធ ត្រូវឲ្យកីឡាករ-កីឡាការិនី ធ្វើការហ្វឹកហាត់ (រត់)ផ្លាស់ប្តូរទៅក្នុងទីលានបាល់ទាត់វិញ ដោយគណៈកម្មការគ្រប់គ្រង ពហុកីឡដ្ឋានជាតិ មិនអនុញ្ញាតឲ្យបងប្អូនហាត់ប្រាណា ដើម្បីសុខភាពចូលហាត់ នៅក្នុងនេះឡើយ ។
កីឡាករ-កីឡាការីនីក្រុមជម្រើសជាតិ ទំាងឈុតធំ និងថ្នាល បងប្អូនហាត់ប្រាណដើម្បីសុខភាព និងអ្នកធ្វើដំណើរចូលក្នុងពហុកីឡដ្ឋាន ត្រូវពិនិត្យកម្តៅ ដើម្បីប្រយុទ្ធប្រឆាំងមេរោគ COVID-19 ។ នៅក្នុងការអនុញ្ញាត ឲ្យដំណើរការឡើងវិញនេះ ក្រសួងស្នើឲ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំងអស់ត្រូវបន្តគោរព តាមវិធានសុវត្ថិភាព សុខភាពរបស់ក្រសួង សុខាភិបាល និងអង្គការសុខភាពពិភពលោក យ៉ាងត្រឹមត្រូវ និងម៉ឺងមាត់ ។
រក្សាអនាម័យជាប្រចាំ ដោយលាងសម្អាតដៃ នឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្តៅ ។ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយ ពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ ហើយទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩ ។
ក្រសួងអប់រំ យុវជន និងកីឡាសង្ឃឹម និងជឿជាក់ថា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមហាត់ប្រាណ និងលេងកីឡា ព្រមទាំងបន្តអនុវត្ត នូវវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ៕
ដោយ៖លី ភីលីព