លីបង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ផ្ទុះដ៏កក្រើកចំនួន២ដង នៅរដ្ឋធានីនៃប្រទេសលីបង់ គឺនៅរដ្ឋធានី Beirut កាលពីថ្ងៃអង្គារ បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត៥០នាក់ និង២.៥០០នាក់បានរងរបួស ។
ផ្ទុះដ៏កក្រើកនៅកំពង់ផែ Beirut នៅវេលាម៉ោង៦និង១០នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៦និង១០នាទីម៉ោងសកល ដោយបានធ្វើឲ្យរញ្ជួយដល់អគារ ទាំងអស់នៅក្នុងទីក្រុង ទន្ទឹមនឹងនោះដែរ បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន និងបង្កការខូចខាត ។
លោក Hamad Hassan រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់លីបង់ បានដកស្រង់សម្តីដោយទូរទស្សន៍ al-Jadeed TV បានលើកឡើងថា មានមនុស្សជាង៥០នាក់បានស្លាប់ និង២.៥០០នាក់បានរងរបួសដោយសារផ្ទុះ ។
ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលតួលេខកំពុងបន្តរាប់បន្ថែមទៀត ។
មូលហេតុនៃការផ្ទុះនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោក Mohammad Fahmi រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លីបង់ បានថ្លែងថា ការផ្ទុះនោះគឺចេញពីឃ្លាំងស្តុកសារធាតុគីមី នៅឯកំពង់ផែ Beirut អាចបណ្តាលឲ្យផ្ទុះឆេះឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា