បរទេស៖នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ មិនបានបដិសេធនឹងជម្រើសថ្មី ដែលរួមបញ្ចូលទាំងសមត្ថភាពវាយប្រហារលើមូលដ្ឋានកងទ័ពសត្រូវ បន្ទាប់ពីមានការសម្រេចចិត្តរដ្ឋាភិបាល ឲ្យលុបចោលការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន Asahi Shimbun បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា សំណើរបស់លោក អាបេ ឲ្យមានទិសដៅថ្មី សម្រាប់សន្តិសុខជាតិរបស់ប្រទេសជប៉ុន នឹងអនុញ្ញាតឲ្យប្រទេសវាយប្រហារបានមុន ប្រសិនបើរកឃើញថា កងកម្លាំងសត្រូវកំពុងតែត្រៀមធ្វើការវាយប្រហារ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន កំពុងតែបោះជំហារឆ្ពោះទៅរកការបង្កើនវិធានការការពារជាតិ ក្រោយការយល់ព្រមចំពោះអនុសាសន៍ពីកងកម្លាំងកំពុងបំពេញភារកិច្ច ត្រួតពិនិត្យមើលជម្រើសរបស់ទីក្រុងតូក្យូ ដែលបានអនុម័តដោយក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយរបស់បក្សកាន់អំណាចជប៉ុន ត្រូវបានបញ្ជូនទៅឲ្យលោក អាបេ៕