ទីក្រុង SAO PAULO៖សារព័ត៌មានប្រេស៊ីលមួយ បានរាយការណ៍ដោយដកស្រង់សម្ដី ភរិយារបស់លោក Caroleថា ផ្ទះរបស់អតីតប្រធាន ក្រុមហ៊ុន Nissan Motor Co លោក Carlos Ghosn នៅប្រទេសលីបង់ត្រូវបានខូចខាត ដោយសារការផ្ទុះ ដ៏ធំមួយនៅកណ្តាលក្រុង Beirut កាលពីថ្ងៃអង្គារយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
លោកស្រី Carole Nahas បានប្រាប់ O Estado de S Paulo ថា ក្រុមគ្រួសារ របស់អ្នកស្រីមានសុវត្ថិភាពប៉ុន្តែផ្ទះដែលមានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីកន្លែងផ្ទុះ បានធ្វើឲ្យខូចខាត។ លោក Carlos ជាជនជាតិប្រេស៊ីល បារាំង និងលីបង់បានទទួលការបង់ប្រាក់ ធានាកាលពីចុងឆ្នាំមុនហើយបានភៀសខ្លួនទៅប្រទេសលីបង់ ពីប្រទេសជប៉ុនជាកន្លែងដែលលោកត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិខុសហិរញ្ញវត្ថុ នៅក្រុមហ៊ុន Nissan ។
រដ្ឋាភិបាលជប៉ុនបានស្វែងរកការធ្វើបត្យាប័ន របស់លោក Ghosn តាមរយៈ Interpol ប៉ុន្តែប្រទេសលីបង់បានបង្ហាញថា វាទំនងជាមិន អាចប្រគល់លោកទៅបានទេ ចំណែកប្រទេសជប៉ុនមិនមានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយប្រទេស មជ្ឈឹមបូព៌ាទេ។
យោងតាមរដ្ឋាភិបាលលីបង់បានឲ្យដឹងថា ការផ្ទុះបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៧៣ នាក់និង ធ្វើឲ្យ មនុស្សប្រមាណ ៣.៧០០ នាក់ ផ្សេងទៀតរងរបួស។ ការផ្ទុះនេះត្រូវបានគេរាយការណ៍ថាបានបង្កការខូចខាតដល់អគារជាច្រើន ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រ៕