ព្រឹត្តិការណ៍

កងកម្លាំងដឹកនាំដោយ អារ៉ាប៊ីសាអូឌីត បាញ់ទម្លាក់កូនដ្រូនពួកហូធី

បរទេស៖កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធនឹងចលនាពួកហូធី នៅប្រទេសយេម៉ែន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់កូនដ្រូនផ្ទុកគ្រាប់ផ្ទុះមួយគ្រឿង ដែលកំពុងហោះសំដៅទៅប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កងកម្លាំងចម្រុះនិយាយថា កូនដ្រូននោះហោះចេញពីខេត្ត Hodeidah ដែលស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រក្រហម របស់ប្រទេសយេម៉ែន ប៉ុន្តែមិនបាននិយាយប្រាប់ពីទីកន្លែងបាញ់ទម្លាក់នោះទេ។

គួរបញ្ជាក់ថា ការវាយប្រហារឆ្លងព្រំដែន ធ្វើឡើងដោយកងកម្លាំងពួកហូធី បានកើនកាន់តែខ្លាំងឡើង ចាប់តាំងពីចុងខែឧសភាមកម្ល៉េះ ជាពេលដែលបទឈប់បាញ់គ្នាដោយសារការរាតត្បាតជម្ងឺកូវីដ១៩ បានផុតកំណត់ ហើយនៅចុងខែមិថុនា មីស៊ីលបានវាយប្រហារដល់ទីក្រុងរីយ៉ាដ តែកងកម្លាំងចម្រុះបានធ្វើការសងសឹកវិញ ដោយការវាយប្រហារតាមអាកាស៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top