បរទេស៖សហរដ្ឋអាមេរិក កំពុងតែចរចាលក់កូនដ្រូនដ៏ទំនើបតិចបំផុតចំនួន៤គ្រឿង ឲ្យទៅកោះតៃវ៉ាន់ សម្រាប់ជាលើកដំបូង នេះបើយោងតាមប្រភពអាមេរិក ដែលដឹងអំពីកិច្ចចរចាគ្នានោះ ហើយកូនដ្រូនទាំងនេះ មានសមត្ថភាពអាចរក្សាការឃ្លាំមើលលើផ្ទៃទឹកនិងផ្ទៃដីដ៏ធំ។
កូនដ្រូនចរចាកម្ម SeaGuardian តាមសេចក្តីរាយការណ៍ មានរយៈចម្ងាយហោះហើរបាន៦.០០០ម៉ាយ គឺហោះបាន១៦០ម៉ាយឆ្ងាយជាងកងកូនដ្រូន បច្ចុប្បន្នរបស់តៃវ៉ាន់ ដែលនឹងផ្តល់ឲ្យកោះតៃវ៉ាន់នូវសមត្ថភាពដ៏អស្ចារ្យឡើង ក្នុងការឃ្លាំមើលប្រទេសចិន អង្កេតតាមដានកងកម្លាំងដែនអាកាស មីស៊ីលនិងទីតាំងអគារផ្សេងៗទៀត។
គួរបញ្ជាក់ថា កិច្ចចរចាជាមួយតៃវ៉ាន់នេះ នឹងក្លាយជាការលក់កូនដ្រូនដំបូងបំផុត បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បោះជំហានបន្តគម្រោង លក់កូនដ្រូនបន្ថែមទៀត ទៅឲ្យប្រទេសផ្សេងៗជាច្រើន តាមរយៈការបកស្រាយជាថ្មី នូវកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធអន្តរជាតិមួយ ដែលមានឈ្មោះថា ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល៕ ប្រែសម្រួល៖ប៉ាង កុង
