ក្នុងនាមជាបុរសដូចគ្នា ខ្ញុំសូមហែកកេរ្តិ៍ខ្លួនឯងបន្តិចទៅចុះ។ ធម្មតាលើកដំបូងដែលអ្នកបានរួមភេទ វាអាចជាពេលវេលាមួយមានភាពតក់ស្លុតខ្លាំងណាស់ ព្រោះថាសម្រាប់បុរស គឺត្រូវការពេលវេលាច្រើនដើម្បីអនុវត្តលើរឿងនេះ ដូច្នេះ សម្រាប់ការរួមភេទជាលើកដំបូង គឺដឹងថាចៀសមិនផុតពីការឆាប់ចេញទឹកកាម និងបញ្ចប់ការរួមភេទណាស់ ហើយវាពិតជាប៉ះពាល់ដល់ខាងស្រីខ្លាំងណាស់ដែរហើយ។ ចង់ដឹងថា ហេតុអ្វីបានជាអញ្ចឹងនោះទេ? វាក៏ព្រោះតែហេតុផលពីរចំណុចខាងក្រោមនេះឯង៖
ឆាប់ចេញទឹកកាមពេក
ពេលខ្លះ សម្ពាធនៃការរួមភេទសម្រាប់ពេលវេលាដំបូងបំផុត អាចនឹងធ្វើឲ្យអ្នកមានបញ្ហានៃការឡើងរឹងរបស់លិង្គ ឬឆាប់ចេញទឹកកាមតែម្តង។ បញ្ហានេះច្រើនតែកើតមានជាញឹកញាប់ដោយសារតែរបៀបដែលអ្នកយល់ថា ការរួមភេទមានលក្ខណៈខ្លាំងក្លាពេកសម្រាប់ពេលវេលាដំបូងបែបនេះ។ បើសិនជាអ្នកពិតជាឆាប់ចេញទឹកកាមពេកបែបនេះ ក៏មិនបាច់បារម្ភដែរ ព្រោះវានឹងធ្វើឲ្យអ្នកមានបទពិសោធន៍នៅថ្ងៃក្រោយ ហើយរាងកាយនឹងកែប្រែស្ថានភាពនេះដោយខ្លួនឯងជាមិនខាន។
លិង្គមិនព្រមឡើងរឹងសោះ
បញ្ហាមួយផ្សេងទៀត ដែលអ្នកអាចប្រឈមមុខដែរនោះគឺ ភាពខ្សោយរបស់លិង្គ ឬលិង្គមិនព្រមឡើងរឹងតែម្តង។ រឿងនេះភាគច្រើនកើតឡើងដោយសារតែសម្ពាធខាងផ្នែកចិត្តសាស្ត្រសម្រាប់ពេលវេលាជាលើកដំបូងរបស់អ្នកតែម្តង ហើយអ្នកក៏មិនបាច់បារម្ភដែរ ព្រោះវានឹងដោះស្រាយវិញដោយខ្លួនឯងទេ។ យ៉ាងណាមិញ បើសិនវានៅតែបន្តទៀត យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យហើយ ព្រោះវាអាចជាអាការៈមួយនៃជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង៕ប្រភព៖health