កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសបើកការប្រកួត កីឡាហែលទឹកជើងឯក “សម្ដេចក្រឡាហោម ស ខេង លើកទី៧

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសបើកការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក “សម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ នៅអាងហែលទឹក នៃពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញក្រោមសហការ រវាងអង្គភាពកីឡានគរបាលជាតិកម្ពុជា នឹងសហព័ន្ធខ្មែរកីឡាហែលទឹក ។

លោកហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងតាមអនឡាញថា ការប្រកួតឆ្នាំនេះជាផ្នែក៣ធំៗគឺផ្នែកបុរស៖កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ផ្នែកនារី៖កីឡាការិនីត្រូវមានអាយុចាប់ពី ១០ឆ្នាំឡើងទៅ និងផ្នែកជនពិការ ៖កីឡាករគិតចាប់ពី (S3-S10) ។ ចំណែកវិញ្ញាសាផ្នែកបុរស មាន៥វិញ្ញាសា គឺ វិញ្ញាសាហែលរបៀបសេរី ចម្ងាយ២០០ម៉ែត្រ វិញ្ញាសា ហែលរបៀបកង្កែប ចម្ងាយ២០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារ ចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀប មេអំបៅចម្ងាយ១០០ម៉ែត្រ និងវិញ្ញាសាហែល បណ្តាក់៤របៀបចម្ងាយ ១០០ម៉ែត្រ (៤x១០០ម៉ែត្រ) ។

លោកបានបន្តថា វិញ្ញាសាផ្នែក នារី មាន៤វិញ្ញាសា គឺវិញ្ញាសាហែលរបៀបសេរីចម្ងាយ ១០០ម៉ែត្រ វិញ្ញាសាហែលរបៀប កង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារ ចម្ងាយ១០០ម៉ែត្រ និងវិញ្ញាសាហែល របៀបមេអំបៅចម្ងាយ១០០ម៉ែត្រ ចំពោះផ្នែកជនពិការវិញ្ញាសាហែល របៀបសេរីចម្ងាយ១០០ម៉ែត្រ៕ដោយ៖លី ភីលីព

Most Popular

To Top