មនុស្សភាគច្រើនចូលចិត្តញ៉ាំចេក ទាំងមិនដឹងអំពី អត្ថប្រយោជន៍ដ៏អស្ចារ្យវា ចុះទម្រាំតែដឹងទៀតនោះ គេនឹងញ៉ាំច្រើនប៉ុណ្ណាទៅ? ប៉ុន្តែ មួយថ្ងៃបីផ្លែទៅ គឺបានហើយ។
ចេក ជាផ្លែឈើ ដែលគេស្គាល់ទូទាំងពិភពលោក ពីព្រោះតែវាមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ ងាយស្រួលញ៉ាំ ងាយស្រួលទិញ និងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព។ តើអ្នកមានដឹងទេថា ពលរដ្ឋខ្មែរយើងភាគច្រើន នឹងទិញចេក យ៉ាងហោចណាស់ ម្តងក្នុងមួយខែ។
ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក អំពីអត្ថប្រយោជន៍ទាំង ៥ នៅពេលដែលអ្នក ទទួលទានផ្លែចេក ៖
១. ចេក ជួយបញ្ចុះសម្ពាធឈាម
ការសិក្សាបានបង្ហាញថា ការញ៉ាំចេកជាប្រចាំ ពិតជាថែរក្សា និងគ្រប់គ្រងសម្ពាធឈាម មិនឲ្យឡើងខ្ពស់បានមែន។ ចេកមធ្យមមួយផ្លែ មានប៉ូតាស្យូម ៤២២ មីលីក្រាម ហើយវាស្ទើរតែគ្មានសូដ្យូម។
២. ចេក ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
ចេក មានជាតិសរសៃខ្ពស់ ទាំងរលាយ និងមិនរលាយ។ ជាតិសរសៃ ដើរតួនាទីសំខាន់ណាស់ ពីព្រោះវាអាចគ្រប់គ្រងល្បឿន នៃប្រព័ន្ធរំលាយបានយ៉ាងល្អ។ ការញ៉ាំចេក ក៏នឹងធ្វើឲ្យអ្នកបានឆ្អែត នឹងពោះបានយូរ ហើយវាគឺជាអ្វី ដែលអ្នកធាត់លើសទម្ងន់ចូលចិត្ត។
៣. ចេក ជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង
ការញ៉ាំអាហារ ដែលមានជាតិសរសៃខ្ពស់ គឺជាផលល្អ សម្រាប់បេះដូង។ ជាតិសរសៃ ត្រូវបានផ្សារភ្ជាប់ទៅនឹង ការកាត់បន្ថយបញ្ហាបេះដូងជាច្រើន។
៤. ចេក មានវីតាមីន C ខ្ពស់
ពេលអ្នកគិតអំពីវីតាមីន C អ្នកប្រហែលជានឹកដល់ផ្លែក្រូច និងស្រ្តបឺរីហើយ ប៉ុន្តែ តើអ្នកមានដឹងទេថា ចេក ក៏មានវីតាមីន C ដែរ។ វីតាមីនមួយប្រភេទនេះ អាចធ្វើឲ្យចរន្តឈាមរត់បានល្អ ហើយជួយផលិតកូឡាជែន ដែលអាចធ្វើឲ្យអ្នកក្មេងជាងវ័យ។
៥. ចេក ជួយបង្កើនកម្លាំង ពិសេស សម្រាប់អ្នកកីឡា
ហេតុអីអ្នកលេងកីឡា ចូលចិត្តញ៉ាំចេកម្លេះ? ចេក ជួយបង្កើនកម្លាំងសាច់ដុំ។ ការសិក្សាបានបង្ហាញថា ការញ៉ាំចេក រៀងរាល់ ១៥ នាទីម្តង មានអត្ថប្រយោជន៍ ច្រើនជាងការទទួលទាន ជាតិកាបូអ៊ីដ្រាត ឬភេសជ្ជៈសម្រាប់អ្នកកីឡាទៅទៀត៕ប្រភព៖health