ភ្នំពេញ៖ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក “សម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ក្រោមសហការឧបត្ថម្ភ ពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុមកីឡាករ-កីឡាការិនី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដំណ្តើមមេដាយច្រើនជាងគេ។
លោកហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងតាមអនឡាញថា ការប្រកួតឆ្នាំនេះ ក្រុមកីឡាករ-កីឡាការិនីនៃក្រសួងសាធារណការ និងដឹកជញ្ជូនដំណ្តើមមេដាយច្រើនជាងគេទទួលបានមេដាយ សរុបចំនួន ១៣គ្រឿង ក្នុងនោះមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ចំណែកក្រសួងមហាផ្ទៃឈរលេខ២ដោយទទួលបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង។
លោកបានបន្តថា គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជាជាប់លេខ ៣ ទទួលបានមេដាយសរុបចំនួន៣គ្រឿងក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ការប្រកួតឆ្នាំនេះជាផ្នែក៣ ធំៗគឺ ផ្នែកបុរស៖កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ផ្នែកនារី៖កីឡាការិនីត្រូវមានអាយុចាប់ពី ១០ឆ្នាំឡើងទៅ និងផ្នែកជនពិការ៖កីឡាករគិតចាប់ពី(S3-S10)។
ចំណែកវិញ្ញាសាផ្នែកបុរសមាន៥វិញ្ញាសាគឺ វិញ្ញាសាហែលរបៀបសេរីចម្ងាយ ២០០ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ ២០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ ១០០ម៉ែត្រ និងវិញ្ញាសាហែលបណ្តាក់ ៤របៀប ចម្ងាយ ១០០ម៉ែត្រ (៤x១០០ម៉ែត្រ)
វិញ្ញាសាផ្នែកនារីមាន ៤វិញ្ញាសា គឺវិញ្ញាសាហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ ១០០ម៉ែត្រ ចំពោះផ្នែកជនពិការវិញ្ញាសាហែលរបៀបសេរីចម្ងាយ ១០០ម៉ែត្រ៕ ដោយ៖លី ភីលីព