ភ្នំពេញៈ ស្ពានបេតុង យោងដោយខ្សែកាបឆ្លងកាត់ទន្លេសាប ស្ថិតនៅចំណុចមុខឃ្លាំងសាំង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ សម្រេចបានជាង ៣០ភាគរយហើយ និងកំពុងពន្លឿនការសាងសង់ ដើម្បីបានបញ្ចប់តាមផែនការ ដែលបានគ្រោងទុក។
មន្ត្រីជំនាញផ្នែកបច្ចេកទេសសាងសង់ បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គម្រោងសាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាបអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC មួយខ្សែនេះ សម្រេចបានជាង ៣០ភាគរយ ហើយក្រុមការងារសាងសង់ កំពុងពន្លឿនឱ្យចប់តាមផែនការ ដើម្បីជួយសម្រួលដល់ ចរាចរណ៍ចេញចូលក្នុងក្រុង។
មន្ត្រីជំនាញដដែលបានឱ្យដឹង ស្ពានបេតុងដែលស្ថាបនា នៅអមជាមួយស្ពានបាឡេ នៅមុខឃ្លាំងសាំងមួយនេះ មានប្រវែងជាង ៥០០ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។
សរសរសម្រាប់ព្យួរខ្សែកាប មានសរសរចំនួន ៤គន្លង ផ្លូវសម្រាប់យានយន្តមានទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។
ស្ពាននេះមានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ហើយក៏ដូចជា ច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មីសម្រាប់ រាជធានភ្នំពេញពីរដ្ឋាភិបាលផងដែរ ៕
ប្រភព៖ Propertyarea