បរទេស៖ សហរដ្ឋអាមេរិកបានត្រៀមខ្លួន រារាំងប្រទេសរុស្ស៊ីនិងចិន ពីការប៉ុនប៉ងបំពានទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ នេះបើតាមសម្តី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃសុក្រនេះ ក្រោយមួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ខ្នះខ្នែងឲ្យរក្សាទណ្ឌកម្ម អង្គការសហប្រជាជាតិ ដែលដាក់លើទីក្រុងតេអេរ៉ង់។
លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន Fox News ក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោន មានការខកចិត្ត ដែលសម្ពន្ធមិត្តរបស់ខ្លួន មិនបានគាំទ្រ កិច្ចប្រឹងប្រែងអាមេរិក ជំរុញឲ្យដាក់ទណ្ឌកម្មយូអិន រួមទាំងបម្រាមអាវុធផងឡើងវិញ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Pompeo បានពោលយ៉ាងដូច្នោះ បន្ទាប់ពីអ្វីដែលរដ្ឋបាលលោក ត្រាំ និយាយថា ជាការបំពានរបស់ប្រទេសអ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលបានធ្វើឡើង ជាមួយមហាអំណាចពិភពលោក៕ ប្រែសម្រួល៖ប៉ាង កុង