បរទេស៖ យោងតាមវេទិកា តាមអ៊ិនធរណេត បានឱ្យដឹងថា មនុស្សវ័យចំណាស់ បានទទួលរងផល ប៉ះពាល់ខ្លាំងបំផុត ពីការធ្លាក់ចុះការងារយ៉ាងច្រើន ក្នុងពេលមានវិបត្តិសេដ្ឋកិច្ច។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Chalermpol Jamjan សាស្ត្រាចារ្យនៅវិទ្យាស្ថាន ប្រជាជន និងស្រាវជ្រាវសង្គម នៃសាកលវិទ្យាល័យ Mahidol បានលើកឡើងថា ប្រជាជនមានអាយុ ៦០ឆ្នាំ និងលើសពី ៦០ ឆ្នាំ ដែលកំពុងធ្វើការ នៅតែមានចំនួនមួយភាគបី នៃកម្លាំងពលកម្ម កាលពីឆ្នាំមុន ហើយ ៦០ ភាគរយ នៃពួកគេមានអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន ដោយគ្មាននិយោជិក។
និវត្តជនជាច្រើននៅតែពឹងផ្អែក លើប្រាក់ចំណូល ដែលពួកគេរកបានពីការងារ ។ មានតែបន្ទាប់ពីពួកគេឈានដល់អាយុ ៧០ ឆ្នាំប៉ុណ្ណោះ ដែលពួកគេនឹងពឹងផ្អែក កាន់តែខ្លាំង បើមិនទាំងស្រុង គឺពឹកទៅលើប្រាក់ពីកូន ៗ របស់ពួកគេ ឬអ្នកដែលនៅជិតពួកគេ ។
អ្នកស្រាវជ្រាវ Nonarit Bisonyabut នៅវិទ្យាស្ថានស្រាវជ្រាវ ការអភិវឌ្ឍថៃបាននិយាយថា ជំងឺរីករាលដាល កូវីដ១៩ បានបំផ្លាញការងារ នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងអាជីវកម្ម ដែលទាក់ទង នៅពេលដែលការបិទព្រំដែនបានបង្ខំឱ្យភ្ញៀវទេសចរធ្លាក់ចុះដល់សូន្យ បើធៀប នឹងភ្ញៀវទេសចរ ៦,៦ លាននាក់ ពីខែមករាដល់ខែមីនា៕
ប្រែសម្រួលៈ ណៃ តុលា