បរទេស៖កងទ័ពរបស់កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដកចេញពីមូលដ្ឋានយោធាតាជី ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ និងបានប្រគល់មូលដ្ឋានយោធានោះ ឲ្យទៅកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងចម្រុះបាននិយាយប្រាប់ថា “ការដកបុគ្គលិកយោធាកងកម្លាំងចម្រុះនេះ គឺជាផ្នែកមួយនៃផែនការរយៈពេលយូរ ដែលបានសហការគ្នាជាមួយរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ាក់” និងបាននិយាយបន្ថែមថា ជំរុំយោធាតាជី ធ្លាប់មានសមាជិកកងកម្លាំងចម្រុះរហូតដល់ទៅ២.០០០នាក់ ភាគច្រើននៃពួកគេបានចាកចេញនៅក្នុង រដូវក្តៅនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កងកម្លាំងចម្រុះដែលនៅសល់ នឹងត្រូវចាកចេញនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយចប់ពិធីប្រគល់ឲ្យនូវសម្ភារៈឲ្យដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់៕ ប្រែសម្រួល៖ប៉ាង កុង