ភ្នំពេញ៖ វិស័យដីធ្លីដែលជាផ្នែកមួយ នៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការកើនឡើងថ្លៃ ជាមធ្យមប្រមាណ ១២ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មានការលំបាក ក្នុងការទិញសម្រាប់ធ្វើការវិនិយោគ។
លោកស្រី អាន សុធិតា នាយិការក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានឱ្យដឹងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០នេះ ថា តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ដោយមិនទាន់បានគិត ឆ្នាំ ២០២០នេះ មានកំណើនជាមធ្យមប្រមាណ ១២ភាគរយ ។
លោកស្រីបន្តថា កំណើនតម្លៃដីធ្លីនេះ បើធៀបជាមួយនឹងកំណើនប្រជាពលរដ្ឋរបស់ប្រទេសកម្ពុជា គឺមានកំណើនខ្ពស់ជាងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស តែយ៉ាងណានិន្នាការនេះ វាជារឿងធម្មតាសម្រាប់ប្រទេសដែលស្ថិតនៅជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏វាមិនប៉ះពាល់ធ្ងន់ធ្ងរផងដែរ។
នាយិការក្រុមហ៊ុនអន្តរជាតិ CBRE Cambodia រូបនេះបានបន្ថែមទៀតថា កំណើនតម្លៃដីធ្លី ១២ភាគរយនេះ គឺមិនសំដៅដល់វិស័យអចលនទ្រព្យទូទៅនោះទេ ខណៈវិស័យខ្លះដូចជាការិយាល័យកើនឡើង ៥ភាគរយ ខុនដូកើនឡើង ៥ ទៅ ៦ ភាគរយតែប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោកស្រីបន្ថែមទៀតថា បើកធៀមជាមួយនឹងផលិផលក្នុងស្រុក (GDP) របស់ប្រទេសកម្ពុជា វិស័យអចលនទ្រព្យទាំងមូលមានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ពោលចន្លោះ ៨ ទៅ ៩ភាគរយ ខណៈសេដ្ឋកិច្ចកម្ពុជាមានក្នុងរង្វង់ ៧ភាគរយ ក្នុងន័យនេះអាចនិយបានវាមានស្ថានភាពកំណើនប្រហាក់ប្រហែលគ្នា។
លោកស្រីបញ្ជាក់ថា ក្នុងចំណោមវិស័យអចលនទ្រព្យទាំងនៅក្នុងប្រទេសកម្ពុជា មានតែវិស័យដីធ្លីប៉ុណ្ណោះ ដែលមានការកើនឡើងខ្ពស់ជាងគេ គឺក្នុងរង្វង់ ១២ភាគរយ ដែលកំណើននេះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍មានការលំបាកក្នុងការទិញយកមកអភិវឌ្ឍន៍ ។ លោកស្រីពន្យល់ថា នៅពេលថ្លៃដើមមានកំណើនខ្ពស់ ក៏ការលក់ចេញវិញក៏មានតម្លៃខ្ពស់ផងដែរ ទើបទទួលបានផលចំណេញ តែពិបាកសម្រាប់អ្នកដែលមានតម្រូវការ៕ប្រភព៖propertyarea.asia