សេដ្ឋកិច្ច​

អ្នកជំនាញ ​និយាយ​ពី​ឱកាស​ចំណេញ ​ពី​ការវិនិយោគ​អគារ ​ការិយាល័យ​ជួល

ភ្នំពេញ ៖ ការបណ្តាក់ទុន​វិនិយោគ ​ទៅលើ​ការបង្កើត​សំណង់​អាគារ ​ការិយាល័យ​សម្រាប់​ជួល (Office Space) ត្រូវបាន​អ្នកជំនាញ ​នៅក្នុង​ផ្នែក​មួយ​នេះ​អះអាងថា ​មានឱកាស​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ជាង ​ការវិនិយោគ​ផ្នែក​ខុន​ដូ ​ដោយសារតែ​តម្រូវការ​ទីផ្សារ និង​បរិយាកាស​វិនិយោគថ្មីៗនៅ​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​ អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍ប្រាប់ ​តាម​នៅ​ល្ងាច​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា គ្រប់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​សុទ្ធតែ​មានឱកាស​ចំណេញ​ដូចគ្នា ប៉ុន្តែ​ខុស​ត្រង់​ថា អត្រា​ នៃ​ការ​ចំណេញ​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់ថា “សម្រាប់​ការវិនិយោគ​ផ្នែក​អាគារ​ការិយាល័យ ​ជួល​នៅ​កម្ពុជា ​គឺមាន​ឱកាស​ចំណេញ​ច្រើន​បើ​ប្រៀបធៀប​ ទៅនឹង​ការវិនិយោគ​ផ្នែក​ខុន​ដូ ដោយសារ​ហេតុផល​ថា ការវិនិយោគ​នៅក្នុង​ផ្នែក​ខុន​ដូ​ចាំបាច់​ត្រូវមាន​ការរៀបចំ​តុបតែង​នូវ​សម្ភារៈប្រើប្រាស់​ដែល​ប្រណីតភាព ដែល​ត្រូវ​ចំណាយ​ តម្លៃ​ថ្លៃដើម​ខ្ពស់ ហើយ​ប្រសិនបើ​ដាក់​ជួល​ក៏ត្រូវ​ចំណាយ​លើ​ការ​រំ​លោះ​ថ្លៃ​សម្ភារៈ​ទាំងអស់ ខុសគ្នា​ពី​ផ្នែក​អាគារ​ការិយាល័យ​ជួល ដែល​ក្រៅពី​ជ្រៀស​រើស​ទីតាំង​ដែល​ស័ក្ដិសម គឺ​ត្រឹម​យកចិត្តទុកដាក់ ​លើ​គុណភាព​អាគារ និង​ការរៀប​ចំការ​រចនា​ម៉ូដ​នៃ​យូ​នី​ត​ឱ្យមាន​ភាព​ទាក់ទាញ” ។

លោក​បន្តថា “បច្ចុប្បន្ន នេះ​តម្រូវ​ការជួល​ការិយាល័យ ​គឺមាន​ការធ្លាក់ចុះ​បន្តិច ​ដោយសារតែ​បញ្ហា​កូ​វីដ ហើយ​អត្រា​នៃ​ការជួល​ការិយាល័យ​កម្រិត B មាន​ច្រើនជាង​កម្រិត A ហើយ​កម្រិត C ហាក់​មាន​ចំនួន​តិចតួច ប៉ុន្តែ​បន្ទាប់ពី​បញ្ហា​នៃ​ជំងឺ​ស្ងប់ស្ងាត់ ខ្ញុំ​ជឿថា ការជួល​កម្រិត A នឹង​កើនឡើង​ខ្ពស់​ជាក់​ជាមិនខាន” ។

តាមរយៈ​របាយការណ៍​របស់ CBRE កាលពីពេល​កន្លង​ទៅបាន​ឱ្យដឹងថា តម្លៃ​ជួល​ការិយាល័យ Grade B នៅ​តំបន់​ពាណិជ្ជកម្ម ធ្លាក់ចុះ ៣,១ ភាគរយ ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស​ទី១ ខណៈ​តម្លៃ​ជួល​ការិយាល័យ Grade B នៅក្រៅ​តំបន់​ពាណិជ្ជកម្ម​ធ្លាក់ចុះ២,៩ ភាគរយ។

ផ្ទុយទៅវិញ​តម្លៃ​ជួល​ការិយាល័យ Grade C នៅ​តំបន់​ពាណិជ្ជកម្ម មាន​កើនឡើង ៨.០ភាគរយ នៅក្នុង​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស​ទី១ ហើយ​តម្លៃ​ជួល​ការិយាល័យ Grade C នៅក្រៅ​តំបន់​ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ៕
ប្រភព ៖ propertyarea.asia

Most Popular

To Top