កាលពីសប្ដាហ៍មុននេះលោក Tim Cook នាយកប្រតិបត្តិ Apple បានបរិច្ចាគភាគហ៊ុន Apple មានតម្លៃជាង ៥លានដុល្លារ ទៅឲ្យមូលនិធិសប្បុរសធម៌មិនបញ្ចេញឈ្មោះមួយ។ នេះបើផ្អែកតាមលិខិតដែលចុះនៅគណៈកម្មការមូលបត្រនាថ្ងៃនេះ។
លោក Tim Cook បានបរិច្ចាគភាគហ៊ុនសរុប ១០ ៧១៥ ភាគហ៊ុន ដែលមានតម្លៃប្រមាណ ៥,៤លានដុល្លារ បើផ្អែកតាមតម្លៃហ៊ុនចុងក្រោយរបស់ Apple ដែលមួយហ៊ុនមានតម្លៃ ៥០៣,៤៣ដុល្លារ។ លិខិតគណៈកម្មការមូលបត្រមិនបានប្រាប់លម្អិតថាលោក Cook បរិច្ចាគទឹកប្រាក់ទៅទីណានោះឡើយ។
គួរដឹងថានៅខែសីហា ជារៀងរាល់ឆ្នាំ លោក Tim Cook តែងបរិច្ចាគភាគហ៊ុនតម្លៃប្រមាណ ៥លានដុល្លារ ទៅឲ្យមូលនិធិសប្បុរសធម៌ ហើយក្នុងបទសម្ភាសន៍នាឆ្នាំ ២០១៥ លោកបាននិយាយថាលោកនឹងបរិច្ចាគមួយចំណែកធំនៃទ្រព្យសម្បត្តិរបស់ខ្លួនទៅឲ្យសកម្មភាពមនុស្សធម៌។
ក្រោយការបរិច្ចាគនេះ លោក Tim Cook នៅបន្តកាន់កាប់ភាគហ៊ុនចំនួន ៨៣៧ ៣៧៤ភាគហ៊ុននៅ Apple ដែលមានតម្លៃខ្ទង់ ៤២២លានដុល្លារ៕
ប្រភព ៖ sabay