បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកធានាអ៊ីស្រាអែលរក្សាអត្ថប្រយោជន៍យោធានៅតំបន់មជ្ឈិមបូព៌ា ក្រោមកិច្ចព្រមព្រៀងអាវុធអាមេរិកនាពេលអនាគតណាមួយ ជាមួយសហភាពអារ៉ាប់រួម។
ក្រោយជួបគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លោក Mike Pompeo បាននិយាយប្រាប់អ្នកសារព័ត៌មានថា “សហរដ្ឋអាមេរិក មានតម្រូវការស្របច្បាប់ជាមួយការគោរព ចំពោះគុណវុឌ្ឍិយោធាប្រកបដោយគុណសម្បត្តិ ហើយយើងនឹងបន្តគោរពប្រការនោះ”។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងជួយសម្របសម្រួលដោយអាមេរិក ស្តីពីការធ្វើចំណងមិត្តភាពឲ្យមានភាពប្រក្រតីវិញរវាងអ៊ីស្រាអែលនិងសហភាពអារ៉ាប់រួមនោះ គឺត្រូវបានប្រកាសកាលពីថ្ងៃទី១៣ ខែសីហា ប៉ុន្តែនៅក្នុងប្រទេសអ៊ីស្រាអែល មានការខ្វែងគំនិតគ្នាខ្លះៗ ជុំវិញភាពអាចក្លាយជាមហាអំណាចនៅតំបន់ឈូងសមុទ្រ ដែលបច្ចុប្បន្នទទួលបានសព្វាវុធដ៏ទំនើបរបស់អាមេរិក ដូចជាយន្តហោះចម្បាំង F-35 ជាដើម៕ប្រែសម្រួល៖ប៉ាង កុង