សេដ្ឋកិច្ច​

រដ្ឋបាលខេត្ត​កោះកុង​ សម្រេច​ដាក់ចេញ​ផែនការ ​ប្រែក្លាយ ​ខេត្ត​នេះ​ឱ្យទៅជាទី​ក្រុង ​បៃតង ​ឆ្នេរ​ស្អាត

ភ្នំពេញៈ រដ្ឋបាលខេត្ត​កោះកុង​សម្រេច ដាក់ចេញ​ផែនការ​ប្រែក្លាយ ខេត្តកោះកុង ឱ្យទៅជា​ទីក្រុង​បៃតង ឆ្នេរ​ស្អាត និង​សមុទ្រ​ខៀវស្រងាត់ ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ និង​ជីវចម្រុះ ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។

យោងតាម​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ចេញផ្សាយ​នៅ​ថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២០កន្លងមកនេះ​បានឱ្យដឹងថា បេសកកម្ម​នៃ​ផែនការ​នេះ  ជំរុញឱ្យមាន​ការប្រើប្រាស់ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានធម្មជាតិ និង​ជីវចម្រុះ​ប្រកបដោយ​ប្រសិទ្ធភាព និង​សមធម៌ តាមរយៈ​ការអនុវត្ត​កម្មវិធី​គ្រប់គ្រង​តំបន់ឆ្នេរ តាមបែប​សមាហរណកម្ម ដើម្បី​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​ជីវភាព​រស់នៅ ការការពារ​បរិស្ថាន និង​មរតក​វប្បធម៌​របស់​យើង។

យុទ្ធសាស្ត្រ​ទី១ «ផ្សព្វផ្សាយ» មាន​គោលការណ៍៖ សាធារណជន​គួរ​ត្រូវបាន​ផ្សព្វផ្សាយ​អំពី​បញ្ហា​ទាក់ទង ទៅនឹង​បរិស្ថាន​តំបន់ឆ្នេរ​និ​សមុទ្រ ដើម្បី​ចូលរួម​យ៉ាង​ពេញលេញ​នៅក្នុង​ការអនុវត្ត និង​អភិវឌ្ឍន៍​ផែនការ​គ្រប់គ្រង​បរិស្ថាន។

យុទ្ធសាស្ត្រ​ទី២ «ការពារ» មាន​គោលការណ៍៖ ធនធានធម្មជាតិ និង​តំបន់​វប្បធម៌សំខាន់ៗត្រូវបាន​ការពារ និង​អភិរក្ស​តាមរយៈ​យន្តការ​គ្រប់គ្រង និង​ផែនការ​ជាក់លាក់ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ និង​ភាពជា​ដៃគូ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ។

យុទ្ធសាស្ត្រ​ទី៣ «កាត់បន្ថយ» មាន​គោលការណ៍៖ ការបំពុល និង​សកម្មភាព​មនុស្ស​ដែល​គំរាមកំហែង ដល់​ប្រព័ន្ធ​ទ្រទ្រង់​ជីវចម្រុះ​នៃ​ស្ថានប្រព័ន្ធ គួរ​ត្រូវបាន​កាត់បន្ថយ តាមរយៈ​ដំណើរការ​គ្រប់គ្រង និង​រៀបចំ​ផែនការ យន្តការ​ដែលមាន​ប្រសិទ្ធិភាព និង​ភាពជា​ដៃគូ។

យុទ្ធសាស្ត្រ​ទី៤ «អភិវឌ្ឍ» មាន​គោលការណ៍៖ កាលានុវត្តភាព​អភិវឌ្ឍន៍​តំបន់ឆ្នេរ និង​សមុទ្រ និង​អនាគត​នៃ​ការប្រើប្រាស់​ធនធាន គួរ​ត្រូវ​បានរៀបចំ​ផែនការ និង​ដាក់​អនុវត្ត​ដោយ​រក្សា​សុខមាលភាព​ស្ថានប្រព័ន្ធ បរិស្ថាន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ ប្រើប្រាស់ មកលេង​កំសាន្ត និង​ទាញយក​អត្ថប្រយោជន៍​ពី​តំបន់ឆ្នេរ៕ប្រភព៖propertyarea.asia

Most Popular

To Top