បរទេស៖មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃចន្ទសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ B-52 Stratofortress ចំនួន៦គ្រឿងរបស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេសហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចូលរួមសមយុទ្ធហ្វឹកហាត់ហោះហើររបស់អង្គការណាតូ។
យន្តហោះចម្បាំងដ៏ធំ ដែលធ្វើដំណើរចេញពីមូលដ្ឋានទ័ពអាកាស Minot រដ្ឋដាកូតាខាងជើងនេះ បានទៅដល់មូលដ្ឋានកងទ័ពអាកាស Fairford ប្រទេសអង់គ្លេស នៅថ្ងៃទី២២ ខែសីហា សម្រាប់ការដាក់ពង្រាយនិងចូលរួមជាមួយសម្ពន្ធមិត្តណាតូនិងដៃគូក្នុងតំបន់។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មក កងកម្លាំងយន្តហោះទម្លាក់គ្រាប់របស់កងទ័ពអាកាសអាមេរិក បានធ្វើសមយុទ្ធស្រដៀងគ្នានេះចំនួនជាង២០០ ហើយថ្មីបំផុតនោះ គឺក្នុងខែមិថុនា នៅក្នុងសមយុទ្ធ BALTOPS 2020 ដែលជាព្រឹត្តិការដែនសមុទ្រដ៏ធំ នៅសមុទ្របាល់ទិក មានប្រទេស១៩ចូលរួម៕ប្រែសម្រួល៖ប៉ាង កុង