ខ្សែប្រយុទ្ធអន្តរជាតិឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski នឹងមិនមានវត្តមាន លេងនៅក្នុងការប្រកួតពានរង្វាន់ UEFA Nation League របស់ជម្រើសជាតិរបស់គាត់ ទេបន្ទាប់ពីគ្រូបង្វឹកលោក Jerzy Brzeczek បាននិយាយកាលពីថ្ងៃអង្គារថា កីឡាកររូបនេះត្រូវការសម្រាកមួយរយៈសិន។
នៅថ្ងៃទី ៤ ខែកញ្ញាប៉ូឡូញនឹងត្រូវជួបជាមួយ ហូល្លង់នៅទីក្រុង Amsterdam ខណៈបីថ្ងៃក្រោយមកក្រុមរបស់ លោកBrzeczek នឹងត្រូវប្រឈមមុខជាមួយនឹងជម្រើសជាតិបូស្នៀនៅហ្សីនីកា។ គ្រូបង្វឹករូបនេះបានប្រកាសថាកីឡាករ Lewandowski នឹងខកខានការប្រកួតទាំងពីរបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ លេងនៅវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃអាទិត្យសម្រាប់ក្រុម Bayern Munich ។
លោកបាននិយាយថា៖ខ្ញុំបាននិយាយជាមួយ Lewandowski ហើយជាលទ្ធផលយើងបានសម្រេចចិត្តថាវាជាពេលវេលាដ៏ល្អបំផុតសម្រាប់គាត់ ក្នុងការសំរាកកាយនិងសតិអារម្មណ៍យូរជាងនេះបន្ទាប់ពីការប្រកួតហត់នឿយបែបនេះ។ ដូច្នេះគាត់នឹងមិនចូលរួមប្រកួតនៅខែកញ្ញានោះទេ៕
ប្រែសម្រួល៖ស៊ុនលី