ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក ព្រមព្រៀងធ្វើការ ជាមួយគ្នាយ៉ាងជិតស្និទ្ធ លើគម្រោងរុករក ឋានព្រះច័ន្ទ

តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះបានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធ លើគម្រោងរុករកតាមច័ន្ទគតិមួយ ដែលដឹកនាំដោយរដ្ឋបាល អាកាសចរណ៍ និងអវកាសជាតិ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងតូក្យូ បានចូលរួមជាមួយកាលពីខែមុន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងតូក្យូរដ្ឋាភិបាល ទាំងពីរបានឲ្យដឹងថា ពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគម្រោងអាតេមីស ដែលជាគម្រោងពហុភាគីមានគោលបំណង ដើម្បីបញ្ជូនមនុស្ស ទៅឋានព្រះច័ន្ទនៅឆ្នាំ ២០២៤ និងបង្កើតការរុករកផ្ទៃលើ តាមច័ន្ទគតិប្រកបដោយនិរន្តរភាព ជាមួយដៃគូពាណិជ្ជកម្មនិងអន្តរជាតិរបស់ណាសានៅឆ្នាំ ២០២៨ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ភាគីទាំងពីរក៏បានទទួលស្គាល់នូវឱកាស សម្រាប់សកម្មភាពនាវិកជប៉ុន នៅលើយានអវកាសតូចមួយ ដែលនឹងធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ ក៏ដូចជានៅលើផ្ទៃតាមច័ន្ទគតិ ដូចដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង សហប្រតិបត្តិការតាមច័ន្ទគតិ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីខែកក្កដា។

មនុស្សចុងក្រោយដែលត្រូវដើរ នៅលើឋានព្រះច័ន្ទ គឺជាអវកាសយានិកអាមេរិក ដែលមកពីបេសកកម្មអាប៉ូឡូទី១៧ ក្នុងឆ្នាំ ១៩៧២៕

ដោយ ឈូក បូរ៉ា

Most Popular

To Top