អង់គ្លេស៖ បច្ចេកវិទ្យាកូនកាត់កំពុងត្រូវ បានធ្វើការសាកល្បងដោយ កងទ័ពអង់គ្លេសនៅក្នុងរថយន្តពាសដែក ២គ្រឿងរបស់ខ្លួនជាមធ្យោបាយ មួយដើម្បីធ្វើឲ្យប្រសើរឡើងនូវនិរន្តរភាព និងបង្កើនសមត្ថភាព បំបាំងកាយពីសត្រូវនៅសមភូមិប្រយុទ្ធ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ ជនបទនិយាយថា ម៉ាស៊ីនកូនកាត់នេះនឹងជួយបង្កើនសមត្ថភាពបំបាំងកាយរបស់កងទ័ព ព្រោះវាអាចដំណើរការស្ទើរតែស្ងាត់ បើប្រៀបធៀបទៅនឹងម៉ូទ័រម៉ាស៊ូត។ វេទិកាអាវុធចល័ត Jackal 2 និងរថយន្តល្បាតការពារ Foxhound នឹងត្រូវបានបំពាក់ឡើងវិញជាមួយនឹង ប្រព័ន្ធកូនកាត់ថ្មីជាមួយនឹងការ សាកល្បងចាប់ផ្តើមនៅខែវិច្ឆិកា។
គំរូនៃរថយន្តកូនកាត់នីមួយៗ កំពុងត្រូវបានសាងសង់ជាផ្នែកមួយ នៃការវិនិយោគទឹកប្រាក់៣ លានផោនពីក្រសួងការពារជាតិដើម្បីរកវិធីកាត់បន្ថយការបោះចោលកាបូនរបស់ខ្លួន ប៉ុន្តែពុំមានព័ត៌មាន ជាក់លាក់ណាមួយត្រូវបានបង្ហាញ សម្រាប់ថ្លៃដើមរបស់យាននីមួយៗឡើយ។ រថយន្តទាំងនេះនឹងរក្សាម៉ាស៊ីនចំហេះខាងក្នុងជំរុញដោយប្រេងម៉ាស៊ូតរបស់ពួកគេរួមជាមួយ អាគុយ និងអេឡិចត្រូនិចសម្រាប់គំរូដំបូងប៉ុន្តែវាអាចផ្លាស់ប្តូរនាពេលអនាគត។
រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Jeremy Quin បាននិយាយថា វាចាំបាច់ណាស់រថយន្តពាសដែករបស់ យើងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ដូច្នេះយើងអាចរក្សាបាននូវជ័យជម្នះរបស់យើង។ ការធ្វើតេស្តិ៍ទាំងនេះនឹងធានាថា កងកម្លាំងប្រដាប់អាវុធរបស់យើងមានបច្ចេកវិជ្ជាចុងក្រោយ សុវត្ថិភាព និងប្រសិទ្ធភាពបំផុតដោយកំពុងបន្តគាំទ្រវិបុលភាពនៅទូទាំង ចក្រភពអង់គ្លេស៕ ដោយ៖លី ភីលីព