បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃសុក្រនេះ បានប្តេជ្ញាការពារកោះ ដោយកងកម្លាំងទ័ពអាកាសដ៏រឹងមាំ ស្របពេលលោកស្រី បើកដំណើរការ មជ្ឈមណ្ឌលថែទាំគាំទ្រដោយអាមេរិក សម្រាប់កងយន្តហោះចម្បាំង F-16 របស់តៃវ៉ាន់ ស្របពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ បាននិយាយប្រាប់ពិធី ដែលបង្ហាញ នូវមជ្ឈមណ្ឌលថែទាំដំបូងរបស់តៃវ៉ាន់ នៅក្នុងទីក្រុង Taichung សម្រាប់យន្តហោះចម្បាំងទំនើបបំផុត F-16 នោះថា “វាមានសមត្ថភាពការពារដ៏រឹងមាំ មិនឱនលំទោន ក្នុងកិច្ចការពារ អធិបតេយ្យភាពសាធារណរដ្ឋចិន និងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់”។
លោកស្រី តាមសេចក្តីរាយការណ៍ ក៏បានមានប្រសាសន៍បន្តទៀតថា “ពេលវេលាត្រូវការប្រើ សម្រាប់ការថែទាំយន្តហោះ នឹងកាន់តែមានរយៈពេលខ្លី និងភាពអាចរកបាន នឹងត្រូវបានបង្កើនឡើងយ៉ាងខ្លាំងក្លា ដោយធានា ដល់អំណាចប្រយុទ្ធរបស់កងទ័ពអាកាស នៅសមរភូមិជួរមុខ”៕ ប្រែសម្រួល៖ប៉ាង កុង