ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីមុខតំណែង ដោយសារតែមានបញ្ហាសុខភាព

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា នាយករដ្ឋមន្ត្រីជប៉ុន ដែលបម្រើការងារ បានយូរជាងគេបំផុតនោះ គឺលោក ស៊ីនហ្ស៊ូ អាបេ បានបញ្ជាក់ អំពីការលាលែងពីមុខតំណែងរបស់គាត់ នៅថ្ងៃសុក្រនេះ ដោយអះអាងថា មានបញ្ជាសុខភាព ។

លោក អាបេ បានថ្លែងថា សុខភាពរបស់គាត់ បានចាប់ផ្តើមចុះខ្សោយ ក្នុងអំឡុងពេលពាក់កណ្តាលខែមុន ហើយគាត់ មិនចង់ឲ្យបញ្ហាសុខភាពរបស់គាត់ នឹងបង្កផលប៉ះពាល់ ដល់ការសម្រេចចិត្ត លើគោលការណ៍សំខាន់ៗ ។

លោក អាបេ ដែលមានវ័យ៦៥ឆ្នាំ បានថ្លែងប្រាប់ នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ខ្ញុំបានសម្រេចចិត្តថា នឹងចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី ដែលជឿជាក់ថា ខ្ញុំមិនអាចបន្ត ធ្វើជានាយករដ្ឋមន្ត្រី តទៅទៀតបានឡើយ បើសិនជាខ្ញុំមិនមានការទទួលខុសត្រូវ ដែលខ្ញុំអាចអនុវត្តន៍ការងារ ដែលបានប្រគល់ឲ្យរូបខ្ញុំ ដោយពលរដ្ឋគ្រប់គ្នានោះ” ។

គេបានដឹងថា លោក អាបេ មានជំងឺដំបៅពោះវៀនធំ ជាច្រើនឆ្នាំមកហើយ ហើយថ្មីៗនេះ បានទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ២លើករួចហើយ ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដោយមានសំណួរជាច្រើនបានចោទសួរ ថាតើ គាត់អាចនៅកាន់កាប់ការ រហូតដល់ចប់អាណត្តិរបស់គាត់ ក្នុងនាមជាមេដឹកនាំបក្សកាន់អំណាច និងបញ្ចប់មុខតំណែង ពីនាយករដ្ឋមន្ត្រី ក្នុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ ។

លោក អាបេ បានថ្លែងថា គាត់ត្រូវបានទទួលការព្យាបាលថ្មីមួយ សម្រាប់ស្ថានភាព ដែលចាំចាប់ ត្រូវតែមានការគ្រប់គ្រង ដោយឈរលើមូលដ្ឋានច្បាប់ ដែលនឹងមិនឲ្យការចាកចេញរបស់គាត់ ធ្វើឲ្យខាតពេលឡើយ នឹងត្រូវដកខ្លួនចេញពីតួនាទីរបស់គាត់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top