កាលពីខែកញ្ញាឆ្នាំ ២០១៩ ក្រុមហ៊ុនរថយន្តប្រណីតចិនឈ្មោះ Hongqi បាននាំយករថយន្ត Concept ចំនួនពីរទៅតាំងបង្ហាញ ក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅអាល្លឺម៉ង់ ដែលក្នុងនោះមានរថយន្ត S9 ជាប្រភេទ Supercar Hybrid និង E115 ជារថយន្ត SUV អគ្គិសនី។
ផ្អែកតាម CarNewsChina បានឲ្យដឹងថា ក្រុមហ៊ុន Hongqi បានសម្រេចចិត្តផលិតរថយន្ត S9 ដាក់លក់លើទីផ្សារនាឆ្នាំក្រោយ ដែលនឹងតម្លៃត្រឹម ៧០គ្រឿងប៉ុណ្ណោះ។ ចំពោះតម្លៃវិញគឺមួយគ្រឿងមានតម្លៃ ១០លានយ័ន ដែលស្មើប្រមាណ ១,៤៥លានដុល្លារ ធ្វើឲ្យវាក្លាយជារថយន្តចិនមានតម្លៃថ្លៃជាងគេបំផុត។
គួរដឹងថារថយន្ត Hongqi S9 ប្រភេទ Concept គឺមានបំពាក់ដោយម៉ូទ័រអគ្គិសនី គួបផ្សំនឹងម៉ាស៊ីនសាំងដែលបង្កើតកម្លាំងបានសរុប ១៤០០សេះ និងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ១,៩វិនាទី ជាមួយល្បឿនអតិបរមា ៤០០គ.ម/ម៉។ យ៉ាងណាក្ដីចំពោះផលិតផលសម្រេច នៅមិនទាន់ដឹងថាម៉ាស៊ីន វាមានលក្ខណៈសម្បត្តិបែបណានៅឡើយទេ៕
ប្រភព៖ carscoops ប្រែសម្រួល៖ សុខហេង