បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ ជាផ្លូវការមួយគឺថា លោក Chadwick Boseman ដែលជាតារាសម្តែងឈានមុខគេ ក្នុងខ្សែភាពយន្តរឿង Black Panther ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញថា មានជំងឺមហារីកពោះវៀនធំ ដំណាក់កាលទី ៣ ក្នុងឆ្នាំ ២០១៦ ។ Chadwick Boseman តួឯកក្នុងរឿង “Black Panther” របស់ Marvel បានទទួលមរណភាព បន្ទាប់ពីបានប្រយុទ្ធអស់រយៈពេល ៤ ឆ្នាំ ជាមួយនឹងជំងឺមហារីកនេះ ដែលបានឈានដល់ដំណាក់កាលទី ៤ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ផ្លូវការ ដែលត្រូវបានចេញផ្សាយ នៅក្នុងគណនីធ្វីតធ័រ របស់គាត់បានសរសេរថា“ អ្នកប្រយុទ្ធពិត Chadwick បានព្យាយាមតស៊ូឆ្លងកាត់វាទាំងអស់ហើយ បាននាំអ្នកនូវខ្សែភាពយន្តជាច្រើន ដែលអ្នកបានស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង”។
សេចក្តីថ្លែងការណ៍នេះ បានបន្តសរសើរតួសម្ដែងរឿង“ Black Panther” របស់ Marvel ដែលជាកន្លែង ដែលលោក Boseman បង្ហាញពីស្តេចវីរៈបុរស T’Challa ថាជា“ កិត្តិយសនៃអាជីពរបស់គាត់” ។ សេចក្តីថ្លែងការណ៍បានសរសេរទៀតថា “គាត់បានស្លាប់នៅក្នុងផ្ទះរបស់គាត់ ដែលមានប្រពន្ធនិងក្រុមគ្រួសារនៅក្បែរគាត់” ។
សូមជម្រាបថា Boseman បានចូលរួមនៅក្នុងខ្សែភាពយន្ត Marvel Universe ជាច្រើនក្រៅពីរឿង“ Black Panther” រួមមាន“ Avengers: Infinity War”,“ Avengers: Endgame” និង“ Captain America: Civil War” ៕
ប្រែសម្រួលៈ ណៃ តុលា