ភ្នំពេញ ៖ សហព័ន្ធកីឡាតេក្វាន់ដូស្ទីល (ITF) នាយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានធ្វើការប្រកួតសាកល្បង សមត្ថភាព និងបច្ចេកទេស របស់កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ ឈុតធំ និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ ថ្នាលចំនួន១៨នាក់ នៅសហព័ន្ធក្នុងមជ្ឈ មណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធ ។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ក្រោមការចង្អុលបង្ហាញ របស់ប្រធានសហព័ន្ធឲ្យធ្វើការ ប្រកួតតេស្តិ៍កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិថ្នាល ប្រចាំខែ ដើម្បីស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញ ព្រមទំាងពង្រឹងថែមទៀត នូវចំណុចខ្វះខាតមួយចំនួន ក្រោយពីសម្រាក រយៈពេលជាង៦ខែ ដោយសារការរំខានមេរោគCOVID-19 ។
លោកបានបន្តថា ការប្រកួតលើកនេះលោក និងគណៈកម្មាការបានសំឡឹងឃើញថា អត្តពលិកកីឡាតេក្វាន់ដូ ITF មានការធ្លាក់ចុះគុណផល ជាងពាក់កណ្តាលទំាងកម្លាំង បច្ចេកទេសដូច្នេះថ្នាក់ដឹកនាំ គណៈកម្មាការបច្ចេកទេស ជាពិសេសគ្រូបង្វឹកត្រូវតែជំរុញ ការហ្វឹកហាត់ទំាងផ្លូវកាយ និងផ្លូវចិត្តឲ្យកាន់តែខ្លាំងឡើង ដើម្បីស្តារសមត្ថភាពឡើងវិញ។
លោកអគ្គលេខាធិការបានបន្តថា នេះជាការប្រកួតធ្វើតេស្តិ៍លើកដំបូង ទំាងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិ ថ្នាលក្នុងខែនេះ ហើយសហព័ន្ធគ្រោង នឹងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់ក្លិបលើកវិញ្ញាសាមេគុនឯកត្តជន ដោយអនុញ្ញាតឲ្យក្លិបបញ្ជូនកីឡាករ-កីឡាការិនី ចំនួន២នាក់៕
ដោយ៖លី ភីលីព