ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេដឹងថា បានជូនដំណឹងទៅក្លឹប FC Barcelona ថា រូបគេនឹងមិន ទៅធ្វើតេស្ដរកមេរោគ Covid019 និងចូលហ្វឹកហាត់ ជាមួយក្រុម នៅថ្ងៃចន្ទឡើយ។
វិទ្យុ RAC1 នៅតំបន់កាតាឡាន់បាន ប្រកាសកាលពីយប់មិញនេះ ថា Messi ជាអ្នកប្រាប់ទៅថ្នាក់ដឹកក្លឹបផ្ទាល់តែម្ដង ចំពោះការមិនចូលរួមធ្វើតេស្ដនិងចូលហ្វឹកហាត់ប្រមូលផ្ដុំលើកដំបូងក្រោមការដឹកនាំរបស់លោក Ronald Koeman នៅថ្ងៃចន្ទ។ ការបដិសេធនេះ កើតឡើង ក្រោយពីមេធាវីរបស់ Messi បានស្នើសុំជួបថ្នាក់ដឹកនាំក្រុម Barcelona ដើម្បីនិយាយរឿងកុងត្រានៅសល់ ប៉ុន្តែត្រូវក្លឹបបដិសេធ មិនព្រមជួបឡើយ។
នេះអាចជាសញ្ញាមួយ បញ្ជាក់ច្បាស់ថា Messi ពិតជាចង់ចាកចេញ ទៅលេងនៅក្លឹបថ្មីហើយ លែងចង់បន្ដលេងនៅអេស្ប៉ាញទៀត បើទោះជាក្លឹបព្យាយាម បញ្ចុះបញ្ចូលយ៉ាងណាក្ដី៕
ប្រភព ៖ sabay