ភ្នំពេញៈ មានការណែនាំជាច្រើនពីអ្នកជំនាញ ដោយក្នុងនោះសុទ្ធតែបង្ហាញពីគន្លឹះ និងវិធីសាស្ត្រនានាដែលត្រូវអនុវត្ត ដើម្បីអាចជួយជំរុញឱ្យរាល់កិច្ចទំនាក់ទំនង និងការលក់អចលនទ្រព្យទទួលបានអត្រាជោគជ័យខ្ពស់។
ដោយឡែកពេលនេះ ប្រធានសមាគមអចលនទ្រព្យសកល ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងវិស័យមួយនេះ បានលើកយកចំណុចសំខាន់ៗទាំង៧ ដែលត្រូវតែជៀសវាងដាច់ខាត នៅក្នុងអាជីពជាភ្នាក់ងារលក់អចលនទ្រព្យ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sen Sok បានលើកឡើងថា រាល់ការលក់អចលនទ្រព្យនៅលើទីផ្សារ ភ្នាក់ងារទាំងអស់សុទ្ធតែប្រាថ្នានូវភាពជោគជ័យ ហើយបានរិះរកនូវគ្រប់វិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាអាចទាក់ទាញអតិថិជនរបស់ខ្លួន បានរហូតមានអ្នកខ្លះបានអនុវត្តលើសពីគោលការណ៍នៃក្រមសីលធម៌ និងវិជ្ជាជីវៈ។
លោកបានបន្តថា បន្ថែមពីលើចំណេះដឹង ក្នុងនាមជាភ្នាក់ងារលក់ដែលទទួលបានពីការសិក្សា និងបណ្តុះបណ្តាលពីសំណាក់អ្នកជំនាញ ដែលធ្លាប់មានបទពិសោធន៍ ដើម្បីអាចទទួលបានជោគជ័យ លើចំណែកទីផ្សាររបស់ខ្លួន ភ្នាក់ងារក៏គួរតែជៀសឱ្យផុតពីចំណុចទាំង៧ ដូចបានបង្ហាញជូនជូនដូចជា
១. ជៀងវាងលក់អចលនវត្ថុណាដែលខ្លួនមិនស្គាល់ម្ចាស់។
២. ជៀសវាងដាក់តម្លៃបន្ថែម គួរយកតែកុំមីស្យុងបានហើយ។
៣. ជៀសវាងលក់អចលនវត្ថុណាដោយមិនផ្តាច់មុខទាំង ដែលម្ចាស់រស់នៅទីនោះ។
៤. ជៀសវាងលក់អចលនវត្ថុណាដែលម្ចាស់ដាក់ស្លាកលក់ខ្លួនឯង។
៥. ជៀសវាងលក់អចលនវត្ថុណាដែលមិនស្របច្បាប់។
៦. ជៀសវាងការខំប្រឹងរកដីជូនអ្នកទិញណា ដែលមិនដឹងថាអ្នកទិញមកពីប្រភពណាច្បាស់ពិតប្រាកដ គឺការឮតាមគ្នាឬច្រើនដំណពេក។
៧. ជៀសវាងការស៊ីដាច់កុងស្យុងគ្នា ទោះតិច ឬច្រើនត្រូវចេះចែករំលែកគ្នា។
លោកសំ សុខនឿន បានបញ្ជាក់ថា នៅក្នុងចំណោមចំណុចទាំង៧ខាងលើនេះ សុទ្ធតែមិនបានផ្តល់នូវភាពល្អប្រសើរ ដល់អ្នកដែលជាភ្នាក់ងារលក់ទទួលបានប្រយោជន៍នោះទេ ដូច្នេះគួរតែចង់ចាំទុក ឬអាចចែករំលែកបន្តដល់អ្នក ដែលរួមអាជីពជាមួយគ្នាផងដែរ៕ប្រភព៖propertyarea