ព្រឹត្តិការណ៍

មកដឹងប្រវត្តិត្រួសៗ នៃសំណង់បេតិកភណ្ឌ ផ្សារណាត់បាត់ដំបង ក្រោយភ្លើងឆេះ

គ្រប់គ្នាសុទ្ធតែសម្តែងការសោកស្តាយចំពោះការឆេះផ្សារណាត់ ប៉ុន្តែតើបងប្អូនដឹងទេថា ផ្សារណាត់នេះ មានប្រវត្តិយ៉ាងម៉េចខ្លះ? ដើម្បីជ្រាបកាន់តែច្បាស់ លោក ម៉ៅ វុត្ថា ថៅកែត្រីសាលម៉ុង និងជាអតីតអ្នកសារព័ត៌មាន ហើយចូលចិត្តអានសៀវភៅប្រវត្តិសាស្ដ្រ និងចែករំលែកចំណេះដឹងតាមបណ្ដាញសង្គម បានរៀបរាប់ពីដំណើរដើមទងប្រវត្តិរបស់ផ្សារណាត់ដូចតទៅ៖
ផ្សារណាត់មិនត្រឹមតែជាសំណង់បែបបេតិកភណ្ឌប្រវត្តិសាស្ដ្ររបស់ខេត្តបាត់ដំបងតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាអលង្ការមួយ នៃស្ថាបត្យកម្មបែបឥណ្ឌូចិន។ រចនាបទ និងស្ទីលរបស់សំណង់នេះ គឺមានកំណើតមកពីសាលាវិចិត្រសិល្បៈក្រុងហាណូយ ដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករ អឺណែស ហេប្រាដ (Ernest Hebrard) នៅក្នុងឆ្នាំ ១៩២១ នៅពេលដែលលោកចូលកាន់តំណែងជាប្រធាននាយកដ្ឋានស្ថាបត្យកម្ម និងអភិវឌ្ឍទីក្រុងនៅឥណ្ឌូចិន។

លោក អឺណែស បានបង្កើតរចនាបថស្ថាបត្យកម្មមួយថ្មី ដែលមិនយកតាមលំនាំបែបបុរាណ នៅក្នុងតំបន់ ដែលលោកហៅថាលំនាំអង្គរ ប៉ុន្តែសម្របទៅតាមអាកាសធាតុ និងបរិយាកាសក្នុងតំបន់។ លក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្មរបស់ លោកគឺ ប្រកបទៅដោយសោភណភាព ដោយដំបូលមានលក្ខណៈងាយស្រួលដល់ដំណើរ និងបម្លាស់ទី នៃខ្យល់ ហើយមានបាំងសាច រួមទាំងជញ្ជាំង មានគម្រប ជាពិសេសមានទីធ្លានៅកណ្តាលសម្រាប់ពហុបំណងផ្សេងៗ។ ចំណុចពិសេសមួយទៀត គឺសំណង់ស្ថាតប្យកម្មតាមបែបឥណ្ឌូចិន នៃសាលាហាណូយនេះ គឺមិនមែនជាលក្ខណៈបែបសិល្បៈដេកូ (Art Deco) ដែលភាគ ច្រើនតែងតែមានទម្រង់ជាប៉មទៀតទេ។ នៅក្នុងតំបន់ឥណ្ឌូចិននេះ សំណង់ស្ថាបត្យកម្ម តាមបែបរចនាបទឥណ្ឌូចិនសាលាក្រុងហាណូយរួមមាន៖

សំណង់ផ្សារតាន់ឌីញនៅក្រុងហូជីមីញ (1927) សំណង់ផ្សារធំកំពង់ចាម និងផ្សារជូឡុងនៅក្រុងហូជីមីញ(1929) និងជាពិសេសផ្សារណាត់បាត់ដំបង។

សម្រាប់ផ្សារណាត់បាត់ដំបងត្រូវបានផ្តួចផ្តើមសាងសង់ដោយនាយកដ្ឋានកិច្ចការសាធារណៈរបស់អាណានិគមបារាំងក្នុងឆ្នាំ១៩៣០ ហើយដែល កាលដំបូងឡើយប្រើប្រាស់ជាទីផ្សារដោះដូរក្រណាត់។ ចាប់ផ្តើមតាំងពី សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៣០ មកដល់បច្ចុប្បន្ន ផ្សារណាត់ មានឈ្មោះជាបន្តបន្ទាប់ដូចតទៅ៖

  • សម័យអាណានិគមបារាំង ហៅថាផ្សារក្រណាត់
  • សម័យសង្គមរាស្រ្តនិយម ហៅថាផ្សារធំ
  • សម័យសាធារណៈរដ្ឋលន់ណុល ហៅថាផ្សារស្វាយប៉ោ
  • សម័យប៉ុល ពត ជាឃ្លាំងដាក់ទំនិញ និងគ្រឿងសង្ហារិម
  • សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាឃ្លាំងដាក់អំបិល និងអាហារ
  • ឆ្នាំ១៩៨៩ រដ្ឋបាលបានរៀបចំជាផ្សារណាត់សម្រាប់លក់ផលិតផលកសិកម្ម
  • បច្ចុប្បន្ន ហៅថាផ្សារធំបាត់ដំបង ប៉ុន្តែជាទូទៅហៅថាជាផ្សារណាត់។គួរបញ្ជាក់ថា តូប​លក់ដូរ​របស់​អាជីវករ​ដល់ទៅ៣៣តូបបាន​រង​ការខូចខាត​ទាំងស្រុង បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ធំ​បាត់ដំបង​កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០៕ប្រភព៖sabay

Most Popular

To Top