សុខភាព និង ផ្លូវភេទ

កុំរំលង! ផ្លែឈើអ្វីខ្លះល្អបំផុត សម្រាប់អ្នកជំងឺ ទឹកនោមផ្អែម?

របបអាហារ សុខភាពល្អ គឺចាំបាច់ណាស់ សម្រាប់គ្រប់គ្នា ។ ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀត ចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយ អាចជួយគ្រប់គ្រងទម្ងន់ និងជាតិស្ករបានយ៉ាងប្រសើរ ។ បរិមាណ នៃកាបូអ៊ីដ្រាតក្នុងអាហារ អាចជះឥទ្ធិពលលើកម្រិត នៃជាតិស្ករក្នុងឈាម ។ ថ្ងៃនេះវេបសាយសុខភាព នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួន ដែលល្អបំផុតសម្រាប់អ្នក ជំងឺទឹកនោមផ្អែម ៖

១. ផ្លែគីវី

ជាប្រភពដ៏ប្រសើរនៃវីតាមីន C និងជាតិសសៃ ហើយក៏មានផ្ទុកសម្បូរ ទៅដោយវីតាមីន K ខ្ពស់ ប៉ុន្តែកាបូអ៊ីដ្រាតទាបដែលល្អណាស់ សម្រាប់អ្នកជំងឺទឹកនោមផ្អែមទទួលទាន។

២. ផ្លែប៉ោម

មា​នផ្ទុកជាតិស្ករទាប ដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ លើកម្រិតនៃជាតិស្ករក្នុងឈាម ។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរ នៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាម មិនអាចឡើងខ្ពស់ គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម សំខាន់ៗច្រើន​បំផុត។

៣. ផ្លែសេរ៊ី

មានផ្ទុកសម្បូរទៅដោយជាតិសសៃ ដែលធ្វើឲ្យវាក្លាយជាជម្រើស នៃផ្លែឈើ ឬអាហារសម្រន់ដ៏សាកសម សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ លំហូរឈាមអាចស្រូប យកជាតិស្ករបានយឺតៗ ប៉ុណ្ណោះពីផ្លែសេរ៊ី ដូច្នេះបញ្ហាជាតិស្ករក្នុងឈាម កើនឡើងខ្ពស់នឹងត្រូវបានទប់ស្កាត់។

៤. ផ្លែស្រកានាគ

ជាជម្រើសល្អមួយ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណ នៃជាតិសសៃខ្ពស់ ដែលជួយកាត់បន្ថយកម្រិត កូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករ ក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចារ្យមួយទៀត នៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។

៥. ក្រូច

មានផ្ទុកសម្បូរទៅ ដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់ កម្រិតជាតិស្ករក្នុងឈាម មិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូន គ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។

៦. ផ្លែត្របែក

ជាប្រភពដ៏ល្អបំផុតមួយ នៃជាតិសសៃ dietary ជួយព្យាបាលនិងទប់ស្កាត់អាការៈទល់លាមកដែលតែងកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជាតិសសៃ dietary ក៏ជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។

៧. ទំពាំងបាយជូរ

ជាតិសសៃក្នុងផ្លែទំពាំងបាយជូរ ជួយឱ្យឆាប់ឆ្អែត និងពន្យឺតការរំលាយ ក៏ដូចជាការស្រូបយកជាតិស្ករផងដែរ។ ដូច្នេះហានិភ័យនៃជំងឺទឹកនោមផ្អែមត្រូវបានកាត់បន្ថយ ក៏ព្រោះតែកម្រិត នៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។

៨.ផ្លែបឺរជាមួយក្រូចឆ្មារ

នេះជាជម្រើស នៃអាហារសម្រន់ដ៏ប្រសើរបំផុតមួយ សម្រាប់អ្នកចង់គ្រង់គ្រងកម្រិតជាតិស្ករ ក្នុងឈាមដោយវាមានផ្ទុកសម្បូរ ទៅដោយខ្លាញ់ល្អ monounsaturated។ អ្នកអាចច្របាច់ក្រូចឆ្មារលើផ្លែបឺរ និងរោយអំបិលបន្តិច ដើម្បីបន្ថែមរសជាតិ។ ផ្លែបឺរមានផ្ទុកកាឡូរីមិនទាបពេកឡើយ ដូច្នេះចូរកម្រិតការទទួលទានរបស់អ្នក។ ប្រហែលត្រឹមកន្លះពែង នៃផ្លែបឺរ គឺគ្រប់គ្រាន់ហើយសម្រាប់អាហារសម្រន់ ៕
ប្រភព ៖ Health

Most Popular

To Top