ព័ត៌មានអន្តរជាតិ

ចិន អាចធ្វើឲ្យឥណ្ឌា ខាតបង់ផ្នែកយោធាធ្ងន់ធ្ងរ

បរទេស៖ ក្រោយការប៉ះទង្គិចគ្នា នៅតាមព្រំដែនថ្មីៗ រវាងប្រទេស មានអាវុធនុយក្លេអ៊ែទាំងពីរ កាសែតចិន Global Times នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសចិនមានសមត្ថភាព អាចធ្វើឲ្យប្រទេសឥណ្ឌា រងការខាតបង់ផ្នែកយោធា ធ្ងន់ធ្ងរជាងពីមុនទៀត ប្រសិនបើប្រទេសនេះ ចង់ចូលប្រកួតប្រជែង។

មន្ត្រីនៅក្នុងទីក្រុងញូដេលី តាមសេចក្តីរាយការណ៍ បាននិយាយកាលពីថ្ងៃចន្ទ ម្សិលមិញនេះថា កងកម្លាំងរបស់ប្រទេសឥណ្ឌា បានរារាំងការប៉ុនប៉ងរបស់កងទ័ពចិន ក្នុងការគ្រប់គ្រងកាន់កាប់តំបន់កូនភ្នំមួយ នៅតាមព្រំដែនមានជម្លោះ របស់មហាយក្សអាស៊ីទាំងពីរ នៅតាមជួរភ្នំហិមាល័យភាគខាងលិច។

នៅក្នុងថ្ងៃតែមួយជាមួយគ្នានេះដែរ មន្ត្រីនាំពាក្យយោធា របស់ប្រទេសចិន បានទាមទារ ឲ្យប្រទេសឥណ្ឌាដកកងទ័ព ដែលទីក្រុងប៉េកាំងនិយាយថា បានឆ្លងព្រំដែនរួមដោយខុសច្បាប់។ ក្រសួងការបរទេស របស់ប្រទេសចិនបានិយាយថា កងទ័ពព្រំដែនចិន មិនបានឆ្លងបន្ទាត់គ្រប់គ្រងឡើយ។

នៅក្នុងបទវិចារណកថារបស់ខ្លួន កាសែតចិន Global Times បាននិយាយដូច្នេះថា “ប្រទេសឥណ្ឌានិយាយថា ខ្លួនបានការពារទុកមុន នូវសកម្មភាពយោធាចិន។ ពាក្យថា ការពារទុកមុន បង្ហាញថា វាគឺជាកងទ័ពឥណ្ឌា ដែលចាត់វិធានការ ប្រកបដោយការបំផ្លាញជាមុន ហើយកងទ័ពឥណ្ឌា បានផ្តើមបង្កើតឲ្យមានការជាប់គាំង ក្នុងពេលបច្ចុប្បន្ននេះ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top