ភ្នំពេញៈការចាប់ផ្តើមអនុវត្តន៍ប្រមូលពន្ឋមូលធន២០ភាគរយ នៃអចលនទ្រព្យបានធ្វើឲ្យមានប្រតិកម្មចម្រុះពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនាញក្នុងវិស័យនេះ ប៉ុន្តែនៅក្នុងដំណើរការនិតិវិធីនេះ អចលនទ្រព្យមួយចំនួនក៏មិនជាប់ពន្ឋមូលធន២០ភាគរយផងដែរ។
យ៉ាងណាក៏ដោយលោកកែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការនៃស្ថាប័ននេះ បានបញ្ជាក់ឲ្យដឹងថា ពន្ធចំណេញមូលធន ២០ភាគរយ លើការលក់អចលនវត្ថុនឹងត្រូវប្រមូល តែក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលមិនទទួលបានប្រាក់ចំណេញនោះ នឹងមិនជាប់កាតព្វកិច្ចពន្ធនេះឡើយ។
លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលនឹងមានការលើកលែង ចំពោះការលក់ ឬផ្ទេរទ្រព្យមួយចំនួន ដូចជា ប្រភេទទ្រព្យដែលជាកម្មសិទ្ធិស្ថាប័នរដ្ឋ ទ្រព្យកម្មសិទ្ធិបេសកកម្មការទូតបរទេស ឬកុងស៊ុលបរទេស និងអង្គការអន្តរជាតិ ឬទីភ្នាក់ងារប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ”។លោកបន្តថា “ការអនុវត្តនេះរួមជាមួយនិវាសដ្ឋានដែលជាគោលដើម របស់អ្នកជាប់ពន្ធដែលបានកាន់កាប់ និងរស់នៅរយៈពេល៥ឆ្នាំ ក៏នឹងទទួលបានការលើកលែងពន្ធនេះដែរ ប៉ុន្ដែលើកលែងតែសម្រាប់ការលក់អចលនវត្ថុទីមួយប៉ុណ្ណោះ មិនអាចអនុវត្តចំពោះការលក់អចលនវត្ថុទី២ឬទី៣នោះទេ”។
លោកកែន សម្បត្តិបាបបញ្ជាក់ផងដែរថា ការផ្ទេរអចលនទ្រព្យ រវាងសាច់ញាតិដែលមានការលើកលែងនៅក្នុងពន្ធប្រថាប់ត្រា ក៏នឹងទទួលបានការលើកលែងលើពន្ធលើចំណេញមូលធននេះផងដែរ។ ដូចជា ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក– ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ–តាបង្កើត និងចៅបង្កើតជាដើម។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុលបានឲ្យដឹងផងដែរថា ការកំណត់យកអត្រាពន្ធថេរ២០ភាគរយ លើប្រាក់ចំណេញមូលធននេះ មិនមានន័យថា រដ្ឋយកពន្ធ២០ភាគរយ ពីប្រាក់ចំណេញទាំងមូលនោះទេ ពោលគឺរដ្ឋយកតែ២០ភាគរយ នៃតម្លៃអចលនទ្រព្យដែលលក់បាននោះប៉ុណ្ណោះ ដើម្បីយកគណនាគិតពន្ធ២០ភាគរយ ដែលបានកំណត់ក្នុងច្បាប់។
ឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នងបានក្នុងតម្លៃ១លានដុល្លារ រដ្ឋនឹងយកតម្លៃ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ២០% ដែលបានកំណត់ ដូច្នេះបើអ្នកលក់ផ្ទះនោះបានក្នុងតម្លៃ១លានដុល្លារ នោះអ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ៤ម៉ឺនដុល្លារ៕propertyarea.asia