ព្រឹត្តិការណ៍

ប្រទះ ឃើញចម្លាក់ ប្រអប់ព្រះហស្ថឆ្វេង ព្រះពុទ្ធបដិមាដ៏ធំមួយ នៅខាងត្បូង ប្រាសាទបាយ័ន្ត

ភ្នំពេគ ៖ ចម្លាក់ប្រអប់ព្រះហស្ថ ព្រះពុទ្ធរូបខាងឆ្វេងមួយ ធ្វើអំពីថ្មភក់ត្រូវ បានប្រទះឃើញនៅក្នុងព្រៃខាងត្បូង ចម្ងាយប្រហែល៣០០ម៉ែត្រ ពីប្រាសាទបាយ័ន្ត។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានឲ្យដឹងថា ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់ រួចរាល់ត្រឹមត្រូវនៅឡើយ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។

តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំ ដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាម ដៃចង្អុលទៅធរណី។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ ។

ការសន្និដ្ឋានជាកាយវិការភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន២អង្គដែលស្ថិតនៅជុំវិញ ប្រាសាទបាយ័ន្ត រួមមាន ព្រះអង្គឥន្ទ្រទេព និងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការភូមិស្បស៌មុទ្រាដូចគ្នា ។
រីឯនៅបរិវេណ ដែលរកឃើញចម្លាក់នោះ គឺទំនងជា សំណង់ខឿនព្រះពុទ្ធសាសនា ត្បិតយើងឃើញមានថ្មសីមាមួយចំនួនផងដែរ ។ យ៉ាងណាមិញ តាមការស្រាវជ្រាវ និងរូបថតពីលើអាកាសដែលថតដោយបច្ចេកវិទ្យា LiDAR ក៏បានរកឃើញស្លាកស្នាមទីតាំងមនុស្សរស់ នៅជាច្រើននៅក្នុងបរិវេណ ក្រុងអង្គរធំ ហើយសំណង់ទាំងនោះក៏រួមមាន ខឿនពុទ្ធសានាជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀមនៅបរិវេណនោះ។

បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានសហការណ៍ជាមួយ ស្ថាបន័មានសម្ថកិច្ចនគរបាល ការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្ស ប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួល និងដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត៕

Most Popular

To Top