បរទេស៖ កងកម្លាំងម៉ារីន តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា កងកម្លាំងម៉ារីននិងកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធហ្វឹកហាត់ដ៏ធំមួយ ជាមួយកងកម្លាំងការពារជាតិអូស្ត្រាលី នៅក្នុងខែសីហាកន្លងទៅ។
កងកម្លាំងសហរដ្ឋអាមេរិក បានចូលរួមជាមួយកងកម្លាំងការងារចម្រុះមួយក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី ដោយមានយន្តហោះទម្លាក់គ្រាប់ B-1B Lancers ចំនួន៤គ្រឿង យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 Spirit ចំនួន២គ្រឿង យន្តហោះចម្បាំង F-15C Eagles ចំនួន៤គ្រឿង និងកងកម្លាំងម៉ារីនប្រហែល១.២០០នាក់ សម្រាប់សមយុទ្ធអន្តរប្រតិបត្តិការអន្តរជាតិនោះ។
សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការពារជាតិអូស្ត្រាលីបាននិយាយយ៉ាងដូច្នេះថា កងកម្លាំងម៉ារីននៅទីក្រុង Darwin ដែលបានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១២មកនោះ ក្នុងពេលបច្ចុប្បន្ននេះ គឺជាកងកម្លាំងមានសមត្ថភាពខ្ពស់ ដែលផ្តល់ឲ្យនូវឱកាសដ៏សំខាន់ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការជាមួយកងកម្លាំងការពារជាតិអូស្ត្រាលី៕
ប្រែសម្រួល៖ប៉ាង កុង