ព័ត៌មានអន្តរជាតិ

Elon Musk របស់ចិន មានឈ្មោះជាសេដ្ឋី ទ្រព្យពាន់លានដុល្លារជាថ្មីម្ដងទៀត

លោក William Li បាន​ជាប់​ឈ្មោះ​ ជា​​សេដ្ឋី​ទ្រព្យ​សម្បត្តិ​ ពាន់​លាន​ដុល្លារ​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ពី​​តម្លៃ​ភាគហ៊ុន ​នៃ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ឈ្មោះ NIO របស់​លោក បាន​កើន​ឡើង​តម្លៃ​ដល់ ៤៧២% ចាប់​តាំង​ពី​ចុង​ខែ​ឧសភា​ មក​ទល់​ពេល​នេះ។ ការ​កើន​ឡើង​​តម្លៃ​ភាគហ៊ុន​នេះ គឺ​ជា​ការ​វិលត្រឡប់​វិញ​យ៉ាង​អស្ចារ្យ​​សម្រាប់​ក្រុមហ៊ុន​ ដែល​ជួប​បញ្ហា​​លើ​ការ​បង្កើន​ចំនួន​លក់ ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​​របស់​​លោក William ធ្លាក់​ចុះ​យ៉ាង​គំហុក។

លោក William Li ដែល​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា “Elon Musk នៃ​ប្រទេស​ចិន” បាន​ព្យាយាម​ដាក់​ចេញ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ចំណាយ និង​រៃ​អង្គាស​ថវិកា​ពី​អ្នក​បណ្ដាក់​ទុន​ សម្រាប់​ក្រុមហ៊ុន NIO ដែល​ក្រុមហ៊ុន​នេះ ​នៅ​មិន​ទាន់​រក​ប្រាក់​ចំណេញ ​បាន​នៅ​ឡើយ។ កាល​ពី​ខែ​មិថុនា មាន​ការ​បញ្ចូល​ទឹក​ប្រាក់​ខ្ទង់ ៧៣៣​​លាន​ដុល្លារ ពី​សំណាក់​អ្នក​បណ្ដាក់​ទុក រួម​មាន​រដ្ឋាភិបាល​នៃ​ទីក្រុង Hefei ផង​ដែរ។

កាល​ពី​ខែ​ឧសភា ​លោក William Li បាន​រាយការណ៍​ អំពី​​ចំណូល​ច្រើន​ជាង​ការ​រំពឹង​ទុក ដែល​មាន​ចំនួន​ ១៩៤​លាន​ដុល្លារ ​សម្រាប់​រយៈពេល​ត្រីមាស​ទី​មួយ​ឆ្នាំ ២០២០ ហើយ​លោក​បាន​ព្យាករណ៍​ថា​ចំណូល និង​ការ​លក់​នឹង​កើន​ឡើង ​លើស​ពីរ​ដង​នៅ​ត្រីមាស​បន្ទាប់។ ជា​លទ្ធផល NIO អាច​លក់​ចេញ​រថយន្ត​ច្រើន​ជាង​ត្រីមាស​ទី​មួយ រហូត​ដល់​បី​ដង គឺ​លក់​បាន ១០ ៣៣១​គ្រឿង និង​រក​ប្រាក់​ចំណូល​បាន​ ៥៤៤​លាន​ដុល្លារ​ផង​ដែរ។

លទ្ធផល​ដ៏​ល្អ​របស់​ក្រុមហ៊ុន NIO ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​លោក William Li កើន​ឡើង​ពី ៥៧២,៤​លាន​ដុល្លារ កាលពីថ្ងៃទី២២ ខែឧសភា មក​ដល់​​​​បច្ចុប្បន្ន​ ដែល​មាន​ទ្រព្យ​សម្បត្តិ ២,៩​ពាន់​លាន​ដុល្លារ៕​​ ប្រភព៖ sabay

Most Popular

To Top