LOS ANGELES៖ ចំពេលមានរលកកម្តៅដ៏គ្រោះថ្នាក់ នៅភាគខាងលិច នៃសហរដ្ឋអាមេរិក សីតុណ្ហភាពនៅតំបន់ Woodland Hills បានហក់ឡើងដល់ ១២១ អង្សាហ្វារិនហៃ (៤៩,៤៤ អង្សាសេ) កាលពីថ្ងៃអាទិត្យ ដែលជាសីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងតំបន់ Los Angeles ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សេវាកម្មអាកាសធាតុជាតិ របស់អាមេរិកនៅ Los Angeles បាននិយាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា “ ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលនិយាយអំពីអាកាសធាតុ” ១២១ អង្សារ នៅ Woodland Hill គឺមានសីតុណ្ហភាពខ្ពស់បំផុត គ្រប់ពេលដែលមិនធ្លាប់មាន នៅទីតាំងផ្លូវការមួយក្នុង Los Angeles។ “
អាកាសធាតុអាក្រក់នេះ បានបំបែកឯតទគ្គកម្ម ១១៩ អង្សាហ្វារិនហៃ (៤៨,៣៣ អង្សាសេ) កាលពីថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០០៦ ។
ទីភ្នាក់ងារនេះ បានរំលឹកដល់អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាថា កំដៅខ្លាំងនឹងបង្កើនហានិភ័យយ៉ាងខ្លាំង ចំពោះជំងឺដែលទាក់ទងនឹងកំដៅ ហើយអាចនឹងមានគ្រោះថ្នាក់ ដល់អាយុជីវិត ជាពិសេសអ្នកដែលធ្វើការ ឬចូលរួមក្នុងសកម្មភាពខាងក្រៅ ក៏ដូចជាមនុស្ស ដែលមានវ័យចំណាស់ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា